វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ចំនួនជាង ២,៤០០ គម្រោង មានផ្ទៃក្រឡាសំណង់ ១២,៤៧ លានម៉ែត្រការ៉េ ដែលមានគិតជាទុនវិនិយោគប្រមាណជិត ៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥។
នេះបើយោងតាមលើកឡើងរបស់ ឯកឧត្តម ឡៅ ទិព្ទសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកសម្ពោធ “ពិព័រណ៌អន្តរជាតិស្តីពីផលិតផលឧស្សាហកម្មសំណង់ សម្រាប់ផ្គត់ផ្គង់សម្ភារៈសំណង់ និងឧស្សាហកម្មយានយន្ត ឆ្នាំ២០២៥” នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥។
ឯកឧត្តម ឡៅ ទិព្ទសីហា បានបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥ ទាំងសមត្ថកិច្ចថ្នាក់ជាតិ និងសមត្ថកិច្ចថ្នាក់រាជធានីខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២,៤៣៥ គម្រោង មានផ្ទៃក្រឡាសំណង់ ១២,៤៧ លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤,៩៣ ពាន់លានដុល្លារ។
បើធៀបនឹងរយៈពេល ៧ ខែដូចគ្នាឆ្នាំ ២០២៤ ដែលមានចំនួន ១,៩០៤ គម្រោង មានផ្ទៃក្រឡាសំណង់ ៧,៣ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,០៨ ពាន់លានដុល្លារ គឺមានការកើនឡើងទុនវិនិយោគ គួរឱ្យកត់សម្គាល់។
ដោយឡែក ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥ មានអ្នកវិនិយោគបរទេស បានដាក់ទុវិនិយោគលើគម្រោងសាងសង់ថ្មីចំនួន ១១៤ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣,៤៥ លានម៉ែត្រការ៉េ និងមានតម្លៃសរុបប្រមាណ ១,២៩ ពាន់លានដុល្លារ (USD)។


ដោយវិស័យសំណង់មានការពាក់ព័ន្ធនឹងក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ បច្ចុប្បន្នក្រសួងបានចុះបញ្ជីក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ៩៧៣ ក្នុងនោះក្នុងនោះសហគ្រាសក្រុមហ៊ុនក្នុង ស្រុកចំនួន ៥៩៨ និងក្រុមហ៊ុនបរទេស ៣៧៥ និងបានចុះបញ្ជីដល់រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ ដែលនៅមានសុពលភាពចំនួន ៣៣៤ នាក់ ក្នុងនោះស្ថាបត្យករចំនួន ១៣៦រូប និងវិស្វករចំនួន ១៩៨ រូប។
នាឱកាសនោះដែរ ឯកឧត្តម ឡៅ ទិព្ទសីហា បានថ្លែងថា ជារួម ការរៀបចំវេទិកានេះ បានផ្តល់នូវកាលានុវត្តភាព និងជាកម្លាំងចលករថ្មីមួយថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យសំណង់ ដីធ្លី និងលំនៅឋាន និងវិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង និងជាសញ្ញាមួយនៃការទាក់ទាញនិងកៀរគរអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុកក្នុងការមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យសំណង់ ដីធ្លី និងលំនៅឋាន និងវិស័យយានយន្តនៅកម្ពុជា។
ឯកឧត្តម មានប្រសាសន៍បន្តថា ៖«ទន្ទឹមនឹងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ កំណើននៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មគ្រប់ផ្នែក នៃវិស័យសំណង់ និងវិស័យយានយន្តក្នុងប្រទេស កម្ពុជានឹងទទួលបានការអភិវឌ្ឍ និងរីកចំរើនយ៉ាងធំធេងក្នុងរយៈពេលដ៏ខ្លីខាងមុខ»៕
អត្ថបទ៖ ប៊ី