សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ “អាកាសយានដ្ឋានអន្តរជាតិតេជោ” ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ជាផ្លូវការ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ សម្រាប់រៀបចំពិធីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីសម្ពោធជាផ្លូវការនេះ នឹងបង្ហាញឱ្យកាន់តែច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាសមិទ្ធផលដ៏ធំ និងជាមោទនភាពថ្មីមួយទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធអាកាសយានដ្ឋានតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។

អាកាសយានដ្ឋានអន្តរជាតិនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជានិម្មិតរូបនៃការរីកចម្រើនរបស់កម្ពុជា ហើយក៏ដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានា ជុំវិញតំបន់នោះ​​ជាដើម​។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានស្នើសុំបងប្អូន មេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះ នឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។

គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន ១១ លើពិភពលោកផងដែរ។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី ១ មានផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រ មានសមត្ថភាពទទួលអ្នកដំណើរជាង ១៥ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។

ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀត នឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់ នៅឆ្នាំ ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀត ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបាន រហូតដល់ ៤៥ លាននាក់ នៅឆ្នាំ២០៥០៕

អត្ថបទ៖ ប៊ី