ត្រកូលអភិជនហុងកុងចាប់ផ្ដើមសម្រុកលក់អចលនទ្រព្យថ្លៃៗ ដើម្បីទូទាត់បំណុល

គ្រួសារអភិជននៅទីក្រុងហុងកុងជាច្រើន កំពុងសម្រុកដាក់លក់អចលនទ្រព្យថ្លៃៗរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាបំណុលជាបន្តបន្ទាប់ ចំពេលវិស័យអចលនទ្រព្យក្នុងតំបន់ កំពុងធ្លាក់ក្នុងសភាពតានតឹង។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Straits Times បានរាយការណ៍ថា វីឡាជាប់មាត់សមុទ្រមួយខ្នង របស់ធុរជនជាន់ខ្ពស់ Chan Ping Che កំពុងប្រកាសលក់លើទីផ្សារក្នុងតម្លៃ ៤៣០លានដុល្លារហុងកុង ឬប្រមាណ ៥៥លានដុល្លារអាមេរិក។ លោក Chan ប្រញាប់បញ្ចេញលក់វីឡាមួយខ្នងនេះ ដើម្បីទូទាត់បំណុល ៣៥០លានដុល្លារហុងកុង ដែលជំពាក់ធនាគារ Fubon Bank Hong Kong កាលពីដើមឆ្នាំនេះ។

លោក Chan Ping Che

ជាមួយគ្នានោះ CEO ក្រុមហ៊ុន Gale Well Group លោក Jacinto Tong ទើបតែលក់ផេនហៅស៍តម្លៃ ១៣៨លានដុល្លារហុងកុងកាលពីខែមេសា ស្របពេលលោក និងប្អូនស្រីបានប្រកាសលក់អចលនទ្រព្យថ្លៃៗក្នុងឆ្នាំនេះ មានតម្លៃសរុបដល់ទៅ ២,២ពាន់លានដុល្លារហុងកុងឯណោះ។

លោក Jacinto Tong

គួរជម្រាបបន្តិចថា វិស័យអចលនទ្រព្យនៅហុងកុងបានរងផលប៉ះពាល់ជាខ្លាំង ពីវិបត្តិអចលនទ្រព្យនៅប្រទេសចិន ពោលហាងឆេងផ្ទះលើទីផ្សារហុងកុងបានធ្លាក់ថ្លៃដល់ទៅ ២៩% ក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយ ដែលបានធ្វើឲ្យអ្នករកស៊ីក្នុងវិស័យនេះដួលបះជើងសឹងគ្រប់គ្នា។

ក្រុមមហាសេដ្ឋី និងអភិជនហុងកុងជាច្រើនបានសម្រុកដាក់លក់អចលនទ្រព្យមួយចំនួនធំ ដោយលែងខ្វាយខ្វល់ជាមួយការខាតបង់ ពោលចង់បានតែលុយដើម្បីមកទូទាត់បំណុលបច្ចុប្បន្ន ជាជាងរង់ចាំទីផ្សារអចលនទ្រព្យមានភាពវិជ្ជមានឡើងវិញ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg