មេដឹកនាំចិន ប្រកាសជាឱឡារឹកគាំទ្ររាល់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ពិសេស គាំទ្រចំពោះគំនិតផ្តួចផ្តើមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដំណើរការងារសាងសង់។ ការប្រកាសពីប្រធានាធិបតីចិន លោក Xi Jinping ធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ នារសៀលថ្ងៃព្រហស្បតិ៍ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានស្នើឲ្យភាគីចិនបន្តគាំទ្រនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេស ដោយសម្ដេចបានលើកឡើងឱ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនូវមិត្តភាពបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ប្រទេសទាំងសងខាង។


សម្ដេចក៏បានបន្ថែមឲ្យភាគីចិនបន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានាក្នុងការអភិវឌ្ឍរបស់កម្ពុជា។ ជាការឆ្លើយតប នឹងការលើកឡើងរបស់សម្ដេច ហ៊ុន សែន លោក Xi Jinping បានលើកឡើងថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។
លោក Xi បន្ថែមថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការអភិវឌ្ឍនក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់លោក Xi Jinping ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេច ហ៊ុន សែន បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះប្រធានាធិបតីចិន ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ