អ្នកជំនាញលើកឡើងថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៤នេះ គឺមិនខុសគ្នាទៅនឹងឆ្នាំ២០២៣នោះទេ តែសម្រាប់ឆ្នាំក្រោយនឹងមានដំណឹងល្អដោយសារតែការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលអាចឲ្យយន្តហោះខ្នាតធំហោះហើរពីតំបន់អឺរ៉ុប និងអាមេរិកចុះចតបាន។ ការណ៍នេះនឹងធ្វើឲ្យវិស័យអចលនទ្រព្យមានភាពល្អប្រសើរជាងឆ្នាំ២០២៤នេះ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ថ្លែងប្រាប់ «មីលានថាមស៍» ឲ្យដឹងថា វិស័យអចលនទ្រព្យនៅពេលនេះគឺត្រូវការឲ្យវិស័យទេសចរណ៍មានភាពរីកចម្រើន ទើបអាចជាក្បាលរថភ្លើងជំរុញឲ្យវិស័យអចលនទ្រព្យកំរើកឡើងវិញ។ លោកថ្លែងថា «វិស័យទេសចរណ៍នៅឆ្នាំ២០២៥នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៤ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិថ្មី និងភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុប ឬទ្វីបអាមេរិកខាងជើង ខាងត្បូង និងទ្វីបអាមេរិកាំងឡាតាំង គឺអាចមានជើងយន្តហោះផ្ទាល់មករាជធានីភ្នំពេញ ដូច្នេះតាមរយៈកំណើនភ្ញៀវទេសចរណ៍នេះហើយនឹងធ្វើឲ្យវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៥ខាងមុខ មានភាពល្អប្រសើរជាងឆ្នាំ២០២៤»។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ពីសញ្ញាវិជ្ជមាននេះ ដោយសារតែវិស័យសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ ៤, ៥ បានដាក់ឲ្យដំណើរការជាបន្តបន្ទាប់គិតបំណាច់ខែតុលានេះ ក៏ព្រោះពួកគេមើលឃើញថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជានឹងមានសន្ទុះឡើងវិញ ហើយតម្រូវការស្នាក់នៅរបស់ភ្ញៀវអន្តរជាតិនឹងមានតម្រូវការខ្ពស់។ លោកបន្តថា នៅពេលដែលមានភ្ញៀវអន្តរជាតិមកទស្សនា និងស្នាក់នៅកម្ពុជាកាន់តែច្រើន ហើយក្រុមហ៊ុនល្បីៗមួយចំនួនក៏នឹងមកបើកសាខានៅប្រទេសកម្ពុជា នឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យមានសកម្មភាពឡើងវិញ មិនថាអគារជួល ឬផ្សារនោះទេ។
លោក ឡោ វិចិត្រ បានមើលឃើញថា វិស័យទេសចរណ៍ដែលជាវិស័យដ៏សំខាន់ ដើម្បីជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការងើបឡើងវិញ។
ជាមួយគ្នានេះដែរ អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ បានលើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងពិភពលោកមិនទាន់មានភាពប្រសើរនូវឡើយ ប៉ុន្តែមកដល់ពេលនេះលោកមើលឃើញមានសញ្ញាល្អធំៗចំនួន ៣ ។
បើតាមលោក ង៉ែត ជូ ថ្មីៗនេះរដ្ឋាភិបាលចិន បានទម្លាក់កញ្ចប់ថវិការចំនួន ៥៦២ពាន់លានដុល្លាអាមេរិកដើម្បីស្រោចស្រង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងជាប់គាំង។ បទអន្តរាគមន៍នេះអាចនឹងមានឥទ្ធិពលវិជ្ជមានខ្លះចំពោះវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដ្បិតអី ចិនឈរជើងលំដាប់ទី១ជាប្រទេសដែលមានទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។ លោកថា តម្លៃដីធ្លីនៅកន្លែងមួយចំនួនបានធ្លាក់ចុះពីចន្លោះ៤០%ទៅ៥០% បើប្រៀបធៀបនឹងតម្លៃដែលហក់ឡើងខ្ពស់មុនវិបត្តិកូវីដចាប់ផ្តើមនៅឆ្នាំ២០១៩។ ការណ៍នេះជាឱកាសល្អសំរាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកដែលមានទុនក្នុងដៃហើយមានទំនុកចិត្តថាទីផ្សារនឹងងាកមករកភាពប្រក្រតីឡើងវិញ។
លោកគូសបញ្ជាក់បន្ថែមថា កន្លងមកអត្រាការប្រាក់នៃប្រាក់បញ្ញើរនៅធនាគារមានកំរិតខ្ពស់ ធ្វើអោយអ្នកមានប្រាក់ដែលមិនហ៊ានយកទៅបង្កើតអាជីវកម្ម ឬវិនិយោគសុខចិត្តយកប្រាក់ទៅដាក់នៅធនាគារដើម្បីបានចំណូលពីការប្រាក់។ ប៉ន្តែពេលថ្មីៗនេះដោយហេតុថា ធនាគារមិនអាចបញ្ចេញទុនតាមរយៈការផ្តល់ប្រាក់កម្ចីទៅអោយអតិថិជនបានហើយធ្វើអោយមានធនាគារជាច្រើនមានផលលើសសាច់ប្រាក់ជាច្រើន (Excesss Liquidity)។ ហេតុនេះហើយធ្វើអោយធនាគារបញ្ចុះអត្រាការប្រាក់។ ការបញ្ចុះអត្រាការប្រាក់ និងការធ្លាក់ថ្លៃខ្លាំងនៃតម្លៃអចលនទ្រព្យ អាចធ្វើអោយអ្នកមានប្រាក់ដាក់នៅធនាគារដកប្រាក់យកមកចាប់ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនិងវិស័យដទៃទៀតឡើងវិញ។
ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ។ ក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ។ បើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាពដោយ CBRE Research ចុះផ្សាយកាលពីខែមេសា ឆ្នាំ ២០២៤៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម