ចូលកាន់តំណែងបាន៣ខែ លោក គួច ចំរើន ដោះស្រាយបញ្ចប់ទំនាស់ទិញលក់ផ្ទះដែលអូសបន្លាយពេលជាង៦ឆ្នាំ

ក្រោយចូលកាន់តំណែអភិបាលខេត្តកណ្តាល បានប្រមាណ ៣ខែ លោក គួច ចំរើន បង្ហាញលទ្ធផលនៃការដោះស្រាយទំនាស់ទិញលក់ផ្ទះល្វែងដ៏រ៊ាំរ៉ៃ រយៈពេល៦ឆ្នាំ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ស្ថិតក្នុងតំបន់7NG ត្រូវបានដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ករណីវិវាទនេះ ត្រូវបានលោក គួច ចំរើន ប្រជុំសម្រុះសម្រួលករណីវិវាទការទិញលក់ផ្ទះល្វែងរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនរបស់លោក ស្រី សុធារិទ្ធ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជាលទ្ធផលករណីនេះត្រូវបានបញ្ចប់ដោយមានការយោគយល់គ្នាទៅវិញទៅមកផ្អែកលើបទដ្ឋាគតិយុត្ត និងគោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ប្រកបដោយស្នាមញញឹម និងភាពស្និតស្នាលបំផុត។

តាមដានជាមួយយើង៖ Million Times

បើតាមរដ្ឋបាលខេត្តកណ្តាល ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាបញ្ចប់ទំនាស់ ដោយឈ្មោះ ឈរ ឈង យល់ព្រមបង់ប្រាក់ចំនួន ១៦,២៥០ដុល្លារអាមេរិក ទៅឱ្យឈ្មោះ ស្រី សុធារិទ្ធ ហើយភាគីឈ្មោះ ស្រី សុធារិទ្ធ យល់ព្រមប្រគល់ សិទ្ធិកាន់កាប់ផ្ទះលេខB3 ជូនឈ្មោះ ឈរ ឈង ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ ដោយការប្រគល់ទទួលប្រាក់ គឺធ្វើតែម្តងគត់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

បន្ថែមទៀតនោះ នីតិវិធីបន្ទាប់ត្រូវប្រគល់ភារកិច្ចឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីជួយរៀបចំនីតិវិធី ធ្វើបណ្ណកម្មសិទ្ធិជូនម្ចាស់ផ្ទះ។

អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋបាលខេត្តកណ្តាល