នាយករដ្ឋមន្រ្តី៖ គម្រោងអចលនទ្រព្យកំពុងមានបញ្ហាចំនួន៣៧ បានដោះស្រាយរួចរាល់ចំនួន៩គម្រោងហើយ

នាយករដ្ឋមន្រ្តី៖ គម្រោងអចលនទ្រព្យកំពុងមានបញ្ហាចំនួន៣៧ បានដោះស្រាយរួចរាល់ចំនួន៩គម្រោងហើយ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងនិតីវិធីច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក និងស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះ។

ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាយប់ថ្ងៃទី២២ ខែសីហានេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំពុងធ្វើការសម្របសម្រួលដោះស្រាយគម្រោងអចលនទ្រព្យ ដែលកំពុងមានបញ្ហាជាច្រើន ខណៈក្នុងចំណោមគម្រោងចំនួន៣៧ដែលកំពុងមានបញ្ហា ក្រសួងបានដោះស្រាយរួចរាល់ចំនួន៩គម្រោងហើយ  និងបន្តដោះឱ្យអស់នាពេលឆាប់ៗខាងមុខនេះ។ 

សម្តេចថ្លែងបន្តថា ការសម្រប់សម្រួលនេះគឺផ្អែកលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីរកច្រកចេញក្នុងគ្រាដែលកំពុងលំបាក និងស្រមតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះជាដើម។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធដែលរួមមាន ម្ចាស់បុរី ម្ចាស់សំណង់ និងអតិថិជនទាំងអស់ដែលបានយោគយល់ បានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងដែនដី ដើម្បីព្យាយាមសម្របសម្រួលដោះស្រាយបញ្ហា។

បន្ថែមពីនេះសម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើសុំឲ្យគ្រប់ភាគីទាំងអស់បន្តចូលរួមដំណោះស្រាយបញ្ចប់នាពេលខាងមុខផងដែរ។

ក្នុងឱកាសថ្លែងសារពិសេសដដែលនោះសម្ដេចក៏បានរំលេចឲ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំនៃរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបានសម្រេចមិនយកពន្ធលើដីធ្លីមិនប្រើប្រាស់ ចំពោះដីធ្លីដែលមានទំហំ ៥ ហិកតាចុះក្រោម(មួយកន្លែង ៥ ហិកតាចុះក្រោម)៕

អត្ថបទ៖ សេដ្ឋានី