ក្រុមហ៊ុន Cambodia Airport Investment (CAIC) បានបម្រុងដីសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តហោះតេជោតាខ្មៅមករាជធានីភ្នំពេញ សម្រាប់ផែនការនាពេលអនាគត។ នេះបើតាមលោក វ៉ាន់ ឆារស៍ អភិបាលក្រុមហ៊ុន CAIC។
ថ្លែងប្រាប់តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចវឌ្ឍនភាពគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅពេលថ្មីៗនេះ លោក វ៉ាន់ ឆារស៍ បានឲ្យដឹងថា ក្រុមហ៊ុនបានបម្រុងដីសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងនាពេលអនាគត ដែលតភ្ជាប់ពីព្រលានយន្តហោះតេជោតាខ្មៅមករាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ។
លោកថ្លែងថា ដោយសារគម្រោងស្ថិតនៅក្នុងការសិក្សាជាផែនការនៅថ្ងៃអនាគត ហើយដំណើរការនឹងចាប់ផ្តើមនៅពេលណាអាស្រ័យលើរាជរដ្ឋាភិបាល។ យ៉ាងណាលោកថា ដំណើរការសាងសង់អាចចាប់ផ្តើម ក្រោយពេលដែលព្រលានយន្តហោះតេជោតាខ្មៅបានបញ្ចប់ និងដាក់ឲ្យដំណើរការពេញលេញ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២៣កន្លងទៅ បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។
បើតាមរាជរដ្ឋាភិបាល ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាលនិងផ្លូវរថភ្លើងក្រោមដីមកកាន់រាជធានីភ្នំពេញពីព្រលានយន្តហោះតេជោតាខ្មៅដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុងនិងកាត់បន្ថយចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ។
គួរឲ្យដឹងដែរថា ដំណើរការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅលំដាប់ថ្នាក់ 4F សម្រេចបានជាង ៧៥%ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង និងចាប់ផ្តើមប្រតិបត្តិការហោះហើរនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ។
អត្ថបទ៖ សេដ្ឋានី