ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនជិត ២០០% ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ទំហំទឹកប្រាក់ប្រមាណ ៥៥៥ លានដុល្លារ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បំពេញទស្សនកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅសិង្ហបុរី។

របាយការណ៍បានបង្ហាញថា ចាប់ពីខែមករា-មីនា ឆ្នាំ ២០២៦ កម្ពុជា បាននាំចូលពីសិង្ហបុរី មានតម្លៃរហូតដល់ ៥៣៧ លានដុល្លារ កើនឡើង ២០៥,៩% ខណៈការនាំចេញពីកម្ពុជា ទៅសិង្ហបុរី មានត្រឹមតែ ១៨ លានដុល្លារ កើនឡើង ២៤,២% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលភាគច្រើន ជាប្រេងឥន្ធនៈ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ថែម។ ជាក់ស្ដែង នៅថ្ងៃ១០ ខែមេសា ឆ្នាំ ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង។

អនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឲ្យការនាំចេញអង្ករកម្ពុជាទៅទីផ្សារសិង្ហបុរីមានការកើនឡើង។ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី និងបង្កើតឱកាសថ្មីៗ ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ គេរំពឹងថា នឹងជួយបង្កើនការនាំចេញរបស់កម្ពុជា ទៅសិង្ហបុរី និងបន្ថយគម្លាតឳនភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Cham Nimul



