លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញទទួលទានអាហារការងារពេលល្ងាច ដែលរៀបចំដោយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។


នាតុអាហារ ដែលពិភាក្សាពីការងារដែរនោះ សិង្ហបុរី ចាប់អារម្មណ៍នាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត លោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានអះអាងថាប្រទេសរបស់លោកចាប់អារម្មណ៍នាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឲ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ដោយឡែក លោក Gan Kim Yong អះអាងថាប្រទេសរបស់លោកចាប់អារម្មណ៍នាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត លើការនាំចូលដែលមានស្រាប់ទៅហើយ។ លើសពីនេះ ប្រទេសទាំងពីរ ក៏នឹងបន្តចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ខាងមុខ៕

អត្ថបទ៖ ឆដា, រូបភាព៖ Cham Nimul



