អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យា Haier Haitech និង KH Haitech ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមូលនិធិអភិវឌ្ឍន៍ជំនាញ។

កាលពីថ្ងៃ ៦ ខែមករា ឆ្នាំ ២០២៦ អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech បានដឹកនាំគណៈប្រតិភូ នៃក្រុមហ៊ុនបច្ចេកវិទ្យា Haier Haitech និង KH Haitech ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លើកិច្ចសហការអភិវឌ្ឍធនធានមនុស្សសម្រាប់គម្រោងវិនិយោគថ្មីក្នុងការបង្កើតរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យានៅកម្ពុជា និងការពង្រីកទៅកាន់ការផលិតឧបករណ៍អេឡិចត្រូនិកនានាដែលមានតម្រូវការក្នុងទីផ្សារនាពេលអនាគត។
សម្រាប់ខ្លឹមសារសំខាន់ៗនៃជំនួបពិភាក្សាដ៏មានអត្ថន័យនេះ រួមមាន៖
- ការជំរុញផលិតកម្មក្នុងស្រុក៖ ការត្រៀមលក្ខណៈបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រដល់ផែនការបង្កើតរោងចក្រដំឡើងឧបករណ៍បច្ចេកវិទ្យា និងថេប្លេត (Tablets) របស់ក្រុមហ៊ុន KH Haitech នៅកម្ពុជា។
- ការគាំទ្របច្ចេកទេសកម្រិតសកល៖ គម្រោងនេះមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអន្តរជាតិ Haier Group ដើម្បីនាំយកបច្ចេកវិទ្យា និងស្តង់ដាផលិតកម្មកម្រិតពិភពលោកមកកាន់កម្ពុជា។
- កសាងកម្លាំងពលកម្មនាពេលអនាគត៖ រៀបចំអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឲ្យមានជំនាញបច្ចេកទេសទាំងកម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីធានាបាននូវខ្សែច្រវាក់ផលិតកម្មពេញលេញដែលស្របតាមតម្រូវការឧស្សាហកម្មឌីជីថល និងថាមពលស្អាត។

តាមរយៈកិច្ចពិភាក្សានេះ បានបង្ហាញពីការកើនឡើងនៃទំនុកចិត្តពីវិនិយោគិនអន្តរជាតិមកលើកម្ពុជា ហើយ SDF នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល ឆ្លើយតបត្រូវនឹងតម្រូវការពិតប្រាកដរបស់រោងចក្រ-សហគ្រាស៕


អត្ថបទ៖ ឆដា, រូបភាព៖ សមាគមឧកញ៉ាកម្ពុជា



