ថ្មីៗនេះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន និងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីត្រៀមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) របស់អតីតពលករមកពីថៃ។

រដ្ឋមន្ត្រីក្រសួងការងារ បានអរគុណចំពោះក្រុមហ៊ុនសមាគមអ្នកសាងសង់កម្ពុជា តំណាងអ្នកអភិវឌ្ឍន៍វិស័យសំណង់ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនេះ ដោយគូសបញ្ជាក់ពីគោលដៅកម្មវិធី RPL គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាព និងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានដំបូង ១ ម៉ឺននាក់។
ការរៀបចំការធ្វើតេស្ត RPL ជូនអតីតពលករមកពីថៃ ដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ និងទទួលស្គាល់លើមុខជំនាញ ៨ ក្នុងវិស័យសំណង់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។ ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្ដាហ៍ ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅ ៦ រួមមាន ភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ និងខេត្តស្វាយរៀង ដោយលោកសង្កត់ធ្ងន់ថា បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី២ទៀត ដែលក៏នឹងផ្ដោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។

ដើម្បីការអនុវត្តទទួលជោគជ័យ ស្របតាមផែនការប្រកបដោយគុណភាព និងប្រសិទ្ធភាព លោក ហេង សួរ បានណែនាំឲ្យអង្គភាពគ្រប់គ្រងគម្រោងបន្តតាមដានផែនការ និងជំរុញការអនុវត្តស្របតាមយន្តការដែលបានកំណត់ ដោយណែនាំក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលស្គាល់ និងប្រើ RPL ជាមូលដ្ឋានក្នុងការជ្រើសរើស និងកំណត់ប្រាក់ឈ្នួល បើកឱកាសការងារដល់អតីតពលករពីថៃ និងអនុញ្ញាតឲ្យវិស្វករ និងបុគ្គលិកបច្ចេកទេសចូលរួមបណ្ដុះបណ្ដាល ដើម្បីក្លាយទៅជាអ្នកវាយតម្លៃ (Assessor)។ ចំពោះគ្រឹះស្ថាន និងមន្ត្រីអនុវត្ត ត្រូវវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងថែរក្សាតម្លៃ RPL, ពង្រីកការផ្សព្វផ្សាយ RPL ទៅតំបន់ជនបទ និងព្រំដែន។
ជំនាញទាំង ៨នោះរួមមាន៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្ដាញបំពង់ទឹក, (៥) ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



