នៅព្រឹកថ្ងៃ ៦ ខែមេសា ឆ្នាំ ២០២៦ នេះមាននាវាចម្បាំងដ៏មានអនុភាពលើលំហសមុទ្ររបស់រុស្ស៊ី ២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមការគ្រោងទុក។

ការមកដល់របស់នាវាចម្បាំងទាំង ២ គ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយនាយនាវីពលនាវីកងទ័ពជើងទឹកកម្ពុជា ៦០ នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំង ២ គ្រឿងនេះ គឺជាកម្មវិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំង ២ តែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។

ក្រោយពេលចូលចតនៅកម្ពុជាបើតាមកម្មវិធី មេបញ្ជាការ និងនាវិកនៅលើនាវានឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត និងលោកឧត្ដមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្រៅពីនោះជំនួប ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាច្រើនរូបទៀត នឹងអញ្ជើញទស្សនកិច្ចលើនាវាផងដែរ។នាវា Sovershennyy (សូវឺសេននី) លេខនាវា៖ 333 ប្រភេទ៖ Corvette (នាវាចម្បាំងទំហំមធ្យម មានមីស៊ីលណែនាំ) ចូលបម្រើការងារ៖ ឆ្នាំ ២០១៧ នាវានេះគឺជានាវាចម្បាំងទំនើបដែលរចនាឡើង សម្រាប់ប្រតិបត្តិការនៅតំបន់សមុទ្រជិតឆ្នេរ (littoral warfare) និងការការពារតំបន់។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់៨ ខែមេសា ឆ្នាំ ២០២៦ នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ នាវា ២ រូប និងមាននាវិកសរុបប្រមាណ ២៦២នាក់។ នាវានេះ មានប្រវែងបណ្តោយ ១០៤ ម៉ែត្រ ទទឹងប្រមាណ ១១ ម៉ែត ទម្ងន់ប្រមាណ ២ ២០០ តោន
ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានចូលចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ២០២៥ អំឡុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូលមកចតនៅកម្ពុជា នៅឯកំពង់ផែស្វយ័តព្រះសីហនុ។ ក្នុងរបាយការណ៍បានបង្ហាញថា គិតចាប់ពីឆ្នាំ២០១១ មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ៨ លើក ស្មើ ១៨ គ្រឿងផងដែរ៕





អត្ថបទ៖ឆដា, រូបភាព៖ នាយកដ្ឋានព័ត៌មាន



