លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMACបានបញ្ជាក់ដឹងថា កាលពីថ្ងៃ ២ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅថា ទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 របស់ថៃ ទម្ងន់ប្រមាណជាង ២៣០ គីឡូក្រាម បានដោយជោគជ័យ និងសុវត្ថិភាព។

អគ្គនាយក CMAC បានបន្ថែមទៀតថា គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ ម៉ែត្រឯណោះ។ គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG (Hanwha Corporation) ដោយបានទម្លាក់លើមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀម កាលពីថ្ងៃ ១០ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៤ រសៀល។
កម្លាំងជំនាញអង្គភាពCMACជួរមុខទាំងអស់បានចូលរួម លះបង់ និងធ្វើពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្ដារអភិវឌ្ឍន៍ឡើងវិញ ក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំត្រឹមត្រូវនាយករដ្ឋមន្ត្រីកម្ពុជា។
គួររំលឹកផងដែរថា និងចងចាំថា កម្ពុជា ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង ១០ ឆ្នាំពោលពី ១០ មករា ឆ្នាំ ១៩៦២ ដល់ថ្ងៃ ១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបជាង ១ លាន ២សែនគ្រាប់ (១ ២០០ ០០០គ្រាប់)៕








អត្ថបទ៖ឆដា, រូបភាព៖ CMAC



