ព្រឹត្តិបត្រពាណិជ្ជកម្ម (iTrade Bulletin) បានចេញផ្សាយកាលពីចុងសប្ដាហ៍មុនថា ផលិតផលដំឡូងមីនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីឆ្នាំ ២០២០ មកមានផ្ទៃដីដាំដុះកើនពី ៦៦៣ ៩២៩ ហិកតា ក្នុងឆ្នាំ ២០២០ មកដល់ ៧៧៤ ៨៤៣ ហិកតាក្នុងឆ្នាំ ២០២៥។

ចំណែកបរិមាណទិន្នផលកើនពី ១២,៦៨ លានតោន ទៅដល់ ១៥,៩៥ លានតោន។ ដំឡូងមីដាំដុះនៅកម្ពុជា គឺជាពូជដែលមានជាតិម្សៅច្រើន ងាយដាំ ធន់ជំងឺ និងផ្ដល់ទិន្នផលខ្ពស់។ ជាមធ្យមដំឡូងមីនៅកម្ពុជាផ្ដល់ផល ២០ តោនក្នុងផ្ទៃដី ១ ហិកតា។ ផ្ទៃដីដាំដុះដំឡូងមីភាគច្រើននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។
បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រកែច្នៃដំឡូងមី ១៦ និងក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិលើសពី ២០ ក្រុមហ៊ុន។ គិតចន្លោះពីឆ្នាំ ២០២០ ដល់ ២០២៥ គឺការនាំចេញដំឡូងមីកម្ពុជាទៅទីផ្សារអន្តរជាតិបានកើនឡើងប្រហែល ២០០% ដោយក្នុងនោះការនាំចេញដំឡូងមីស្រស់/ស្ងួត កើន ២១៦% ចំណែកម្សៅដំឡូងមី កើន ៧៤%។



កម្ពុជាស្ថិតក្នុងលំដាប់ទី១ ជាប្រទេសនាំចេញដំឡូងមីស្រស់ និងស្ងួត ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩០ លានដុល្លារ ដែលស្មើនឹង ៣៤,៧% នៃចំណែកទីផ្សារពិភពលោក។ ជាមួយគ្នានេះ កម្ពុជាស្ថិតក្នុងលំដាប់ទី៤ ក្នុងចំណោមប្រទេសនាំចេញម្សៅដំឡូងមី ក្នុងទឹកប្រាក់ប្រមាណ ២៨ លានដុល្លារ ដែលស្មើនឹង ០,៩% នៃចំណែកទីផ្សារពិភពលោក។ទីផ្សារសំខាន់ៗទទួលទិញដំឡូងមីស្រស់ និងស្ងួតរបស់កម្ពុជា រួមមានវៀតណាម ថៃ ហុងកុង និងម៉ាឡេស៊ី។ ចំណែកម្សៅដំឡូងមី មានចិន វៀតណាម អាមេរិក ហុល្លង់ កាណាដា សិង្ហបុរី និងអ៊ីតាលី។
ក្នុងព្រឹត្តិបត្រពាណិជ្ជកម្មបានបន្ថែមទៀតថា នៅឆ្នាំ ២០៣០ កម្ពុជានឹងអាចប្រមូលប្រាក់ពីការនាំចេញដំឡូងមី បាន ១,២ ពាន់លានដុល្លារ និងម្សៅដំឡូងមី មាន ២៦ លានដុល្លារ។ ដំឡូងមីត្រូវបានគេយកទៅប្រើប្រាស់ផលិតផលអាហារជាច្រើនប្រភេទ ចំណែកកាកសំណល់វាក៏ត្រូវបានយកទៅកែច្នៃជាចំណីសត្វ ជីសរីរាង្គ ថាមពលជីវឧស្ម័ន(Biogas) និងផលិតផលជីវបច្ចេកវិទ្យាមួយចំនួន៕
អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម



