សហគ្រាសរដ្ឋឈានមុខគេមកពីប្រទេសចិនក្នុងវិស័យកែច្នៃដំឡូងមី Guangxi State Farms Mingyang Starch Development Co., Ltd. បានបង្ហាញពីឆន្ទក្នុងការបង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាក្នុងបរិមាណ ១ លានតោន ហើយក្រុមហ៊ុនក៏ចាប់អារម្មណ៍ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា។

លោក Chen Mingyu ប្រធានក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. លើកឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ ២៦ ខែមីនា ឆ្នាំ ២០២៦។
ប្រធានក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. អំណរគុណចំពោះការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំរបស់ CDC ព្រមទាំងបានលើកឡើងពីស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ប្រទេសកម្ពុជា។ លោកបន្តថា កត្តាទាំងអស់នេះបានធ្វើឲ្យលោក និងសហការីមានការចាប់អារម្មណ៍ខ្លាំងចំពោះការធ្វើអាជីវកម្ម និងការវិនិយោគផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនមកប្រទេសកម្ពុជានាពេលនេះ គឺមានគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ៣៖
១.បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១ លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មតាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម
២.ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា
៣. ការផ្ទេរចំណេះដឹងតាមរយៈការពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ៕



អត្ថបទ៖ឆដា, រូបភាព៖ Chanthol Sun DPM


