រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះអនុ ប្រធាន ក្រុមហ៊ុនបារាំង Total Energies បានមកប្រទេសកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាប្រេង និងឧស្ម័ន។

លោក កែវ រតនៈ បានឲ្យដឹងថា ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ដែលបញ្ហាផ្គត់ផ្គង់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ ក្រុមហ៊ុនបានជំរុញឲ្យអ្នកប្រើប្រាស់នៅកម្ពុជា ជួយសន្សំសំចៃឲ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។

ដោយឡែកស្ថានភាពប្រេងម៉ាស៊ូត និងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឲ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងកាលពីរាត្រីថ្ងៃ ២៥ ខែមីនា ឆ្នាំ ២០២៦ សម្រាប់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃ២៦ ខែមីនា ឆ្នាំ ២០២៦ ដោយសាំង ១ លីត្រ ៥ ៤៥០ រៀល (ឡើងថ្លៃ ៥០រៀល) និងម៉ាស៊ូត ១ លីត្រ ៧ ១០០ រៀល (ឡើងថ្លៃ ៤០០រៀល)។

សូមជម្រាបថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាត្រឹម ៣ ៨០០ ទៅ ៣ ៨៥០ រៀលក្នុង១លីត្រ ដែលនេះមុនពេលកើតមានសង្គ្រាមនៅមជ្ឈិមបូព៌ា៕
អត្ថបទ៖ឆដា, រូបភាព៖ Keo Rottanak


