យោងតាមការឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺមានមន្ត្រីរបស់អង្គភាពចំនួន ៣ នាក់ហើយត្រូវបានឃាត់ខ្លួន ក្រោយពីជាប់សង្ស័យពីបទ រំលោភអំណាច និងមានទ្រព្យសម្បត្តិដោយខុសច្បាប់ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។

លោក ឱម យ៉ិនទៀង បានឱ្យដឹងដែរថាការចាប់ខ្លួនមន្ត្រី ACU នេះបានធ្វើឡើងកាលពីថ្ងៃ ១៦ ខែមីនា ឆ្នាំ ២០២៦ ដែលមានឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល, ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជាជំនួយការ ឈ្មោះ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ខាងលើបានសង្កត់ធ្ងន់ទៀតថាលោកមានការលើកលែង ឬយោគយល់ណាមួយទេ ទោះជាមន្ត្រី ACU ខ្លួនឯងក៏ដោយបើមិនព្រមធ្វើខ្លួនឱ្យស្អាតស្អំ។
រហូតមកដល់ពេលនេះមានមន្ត្រី ACU ចំនួន ១០ នាក់ហើយដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ ឆដា, រូបភាព៖ Anti-Corruption Unit


