រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង ១ លានម៉ែត្រគូប/ថ្ងៃ

កាលពី​ល្ងាច​ថ្ងៃ​១៦ ខែ​មីនា ឆ្នាំ ២០២៦ លោក ហែម វណ្ណឌី បាន​ថ្លែងថា វិស័យ​ទឹកស្អាត​មិនមែន​មាន​តួនាទី​ត្រឹមតែជាមធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​សុខុមាលភាព និង​អនាម័យ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ។

តាមដានជាមួយយើង៖ Million Times

វិស័យ​ទឹក​ស្អាត​ក៏​ជា​កម្លាំងចលករ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ តាមរយៈ​ការ​លើកកម្ពស់​ផលិតភាព ការ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​ការ​គាំទ្រ​ដល់​ដំណើរការ​ឧស្សាហូបនីយកម្ម ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​​បន្ថែម​របស់​លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​មុខ​តំណែង​អគ្គនាយក​ថ្មី​នៃ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។

លោក ហែម វណ្ណឌី បានលើកឡើងថា ប្រមាណ ៣ ទសវត្សរ៍​កន្លងមក រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ប្រែ​ក្លាយ​ជា​សហគ្រាស​សាធារណៈ​ដ៏​ជោគជ័យ​មួយ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សមត្ថភាព​បច្ចេកទេស​ខ្ពស់។

បច្ចុប្បន្ន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ជាង ១ លាន​ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ មាន​បណ្ដាញ​ចែកចាយ​ទឹក​ស្អាត​ប្រវែង​សរុប ៥ ៦៤៦គីឡូម៉ែត្រ និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​អតិថិជន​ជាង ៥៣ ម៉ឺន​តំណ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ។

រីឯ​គុណភាព​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បន្ត​រក្សា​ភាព​អនុលោម​តាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក ទន្ទឹម​នឹង​នោះ អត្រា​ប្រមូល​ប្រាក់​ថ្លៃ​សេវា​ទឹក​ស្អាត​សម្រេច​បាន ៩៩,៩% ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ប្រតិបត្តិការ​ខ្ពស់៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងឧស្សាហកម្ម វបន