នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោក ឈាង រ៉ា និង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លោក Kim Chang-Yong បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ ក្នុងគម្រោងទី៣ នៃមន្ទីរពេទ្យកុមារជាតិ។

មិនត្រឹមអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ ប៉ុណ្ណោះទេ ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ក៏រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្ដុះបណ្ដាល បច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងសមធម៌ សំដៅធ្វើឲ្យសុខភាពកុមារ ប្រកបដោយសុខភាព និងសុខុមាលភាព។
អគារមន្ទីរពេទ្យថ្មីនេះមានកម្ពស់ ២៤,៧ម៉ែត្រ, ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្ដោយ ៧៦,៨០ម៉ែត្រ មានកម្ពស់ ៥ ជាន់ (រាប់ទាំងជាន់ក្រោមដី) គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩ ០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារដូចខាងក្រោម៖

-ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថាន សម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។
-ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) និងជំងឺតម្រងនោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងករ។
-ជាន់ទី២៖ ផ្នែកជំងឺមហារីកកុមារ (Oncology) មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែក ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។
-ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហារ (Gastrology) មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ។
-ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ (Pneumology 2) មាន ២៨ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែក១ ។

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ក្រោមជំនួយឥតសំណងរបស់កូរ៉េ មានតម្លៃ ១៦,៩៩ លានដុល្លារ៕
អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា


