ក្រសួងបរិស្ថានលែងក្តាមថ្មជាង ៤០០ គីឡូទៅក្នុងធម្មជាតិ ដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ី

ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំ​ និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​សហគមន៍​​អាស្រ័យ​លើ​ធនធាន​ជលផល​នៅ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា (CamAdapt) នៅ​ថ្ងៃ​២៦ ខែ​កុម្ភៈ ឆ្នាំ២០២៦ បាន​លែង​កូន​ក្តាម​ថ្ម ៤០០គីឡូក្រាម ស្មើនឹង​កូនក្តាមប្រមាណ ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុង​សហគមន៍​តំបន់​ការ​ធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ក្នុង​ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បី​ស្ដារ​ធនធាន​ជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

តាមដានជាមួយយើង៖ Million Times

ប្រធាននាយកដ្ឋានអភិរក្ស​ និងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួង​បរិស្ថាន លោក ស៊ុយ ធា បាន​ឲ្យ​ដឹងថា សកម្មភាពលែងក្តាមថ្មនាថ្ងៃនេះ ក្នុង​គោល​បំណង​បង្កើន​ធនធាន​ក្តាម​ថ្ម នៅ​ក្នុង​តំបន់​សមុទ្រ​​ក៏​ដូចជា​ការ​អប់រំ​ណែនាំ​ដល់​សហគមន៍​ចូលរួម​ថែរក្សា​ការពារ​ធម្មជាតិ​ ដូចជា ព្រៃ​កោងកាង និង​ធនធាន​ជីវចម្រុះ​នៅក្នុងព្រៃកោងកាង នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ឲ្យ​ល្អ​ប្រសើរ និង​ជា​កន្លែង​ស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រ​ ក៏​ដូច​ជា​ធនធាន ជីវចម្រុះ​នៅក្នុងតំបន់ព្រៃកោងកាង និង​ការ​ដកហូត​ធនធាន​សមុទ្រ​ប្រកប​ដោយ​ចីរភាព។

ក្រៅពី​លែង​ក្តាម​ពូជ​ទាំង​អស់នេះហើយ ប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បី​បង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត បាន​បណ្តុះ​កូនឈើ​ជាច្រើន​លាន​ដើម ចែក​ជូន​ដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និង​ដាំ​ស្តារ​ព្រៃ​សហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើ៥លានដើមបន្ថែមទៀត។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា បន្ថែម​ថាការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹម​តែ​យន្តការ​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុនោះ ពោល​គឺ​ជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែល​ជួយ​អភិវឌ្ឍន៍​ជីវភាព​ប្រជាជន​ផងដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Ministry of Environment