នាព្រឹកថ្ងៃ ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ឆ្នាំ ២០២៥ ឬកើនឡើងប្រមាណ ៨០ ម៉ឺននាក់ ធៀបឆ្នាំ ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨ លាននាក់, វិស័យឧស្សាហកម្មប្រមាណ ៣ លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” លោកមានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ ៤៦ ៦៤៩ សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២ លាននាក់ (កើន ៤០១,៤៧៩ នាក់)។
ក្រសួងក៏បានដាក់ចេញវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឲ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋស្វែងរកការងារ។

គិតត្រឹមឆ្នាំ២០២៥ នេះមានអតីតពលករខ្មែរ មកពីប្រទេសថៃ សរុបប្រមាណ ៦២ ម៉ឺននាក់ បានទទួលការងារធ្វើ ដែលប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


