លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានពន្យល់ និងបកស្រាយថាសារដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះនិងធ្វើឱ្យមានការយល់ច្រឡំនោះគឺជាសារមួយដែលមានចេតនាល្អ និងសរសើរដល់សមត្ថកិច្ចកម្ពុជានិងកូរ៉េ ដែលបានបង្ក្រាបក្រុមឆបោកតាមអនឡាញយ៉ាងជោគជ័យ។

រំលឹកថាកាលពីថ្ងៃ ៣០ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ លោកប្រធានាធិបតិកូរ៉េបានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយមានអក្សរខ្មែរមានខ្លឹមសារថា នឹងកម្ទេចអ្នកប៉ះពាល់ជនជាតិកូរ៉េ មិនឱ្យរួចខ្លួនឡើយ។
បន្ទាប់ពីសារនោះត្រូវបានចែកបន្ដច្រើន និងមានអ្នកយល់ច្រឡំពីអត្ថន័យផងនោះ ទើបលោកប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចចិត្តលុបចោលវិញតែម្ដង។ ការយល់ច្រលំ ក៏ព្រោះតែលោកប្រធានាធិបតីមានចេតនាល្អជាមួយកម្ពុជា សរសើរកម្ពុជាដែលបានសហការជាមួយសមត្ថកិច្ចកូរ៉េបង្គ្រាបក្រុមឆបោកតាមអនឡាញ បានយ៉ាងច្រើន។

លម្អិតដើម្បីកុំឱ្យមានការយល់ច្រឡំបន្ដទៀត លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានផ្ដល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
លោកបានអះអាងបែបនេះថា៖ ទាក់ទងនឹងសាររបស់ឯកឧត្តមប្រធានាធិបតី តាមពិតដើមឡើយ ឯកឧត្តមមានបំណងផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់ក្រុមការងាររួមកម្ពុជាកូរ៉េ គឺដូចទៅនឹងសារដែលលោកបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
តាមពិតឯកឧត្តមប្រធានាធិបតីចង់បង្ហាញថា ក្រុមការងារយើងធ្វើការងារបានល្អលើសពីការរំពឹងទុក ព្រោះថ្នាក់ដឹកនាំបានឯកភាពគ្នាបង្កើតក្រុមការងារនេះឡើងមក ហើយក្រុមការងារនេះពិតជាបានធ្វើការបានល្អពិតមែន។ សម្រាប់កូរ៉េ គឺកូរ៉េតែងចង់សហការជាមួយកម្ពុជាលើគ្រប់វិស័យទៅមុខទៀត ហើយទៅអនាគត គឺចង់សហការជាមួយគ្នាបង្ក្រាបបទល្មើសឆបោកនៅក្នុងតំបន់។

សូមបញ្ជាក់ដែរថាកម្ពុជា និងកូរ៉េខាងត្បូងធ្វើការរួមគ្នាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៥ មក មានការបង្ក្រាបទៅលើការឆបោក ១២លើក ឃាត់ខ្លួនជនសង្ស័យកូរ៉េជាង ១៤០ នាក់។ ប៉ុន្តែ បើរាប់ទាំងការបង្ក្រាបដោយសមត្ថកិច្ចកម្ពុជក្រៅកិច្ចសហប្រតិបត្តិការនេះ ជនសង្ស័យកូរ៉េប្រមាណ ៣០០ ត្រូវបានចាប់ខ្លួន៕
អត្ថបទ៖ឆដា


