កម្ពុជា​កុម្ម៉ង់​ទិញឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក គ្មានផ្សែងពីប្រទេសជប៉ុន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​នៅព្រឹកនេះថា កម្ពុជា​បាន​បញ្ជា​ទិញ​ឡបច្ចេកទេស ​សម្រាប់​ដុត​កាក​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លាស្ទិក ពី​ជប៉ុន កាល​លោក​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​បេសកកម្ម​លើទឹកដី​​ជប៉ុន នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ។

តាមដានជាមួយយើង៖ Million Times

លោក អ៊ាង សុផល្លែត បាន​បន្ត​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ជប៉ុន ហើយមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២៦។ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា៖ «យើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​ឡ​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លាស្ទិក ដែល​ជា​ឡ​មួយ​ដុត​​ទៅ​អត់​មាន​ផ្សែង។ ដុត​ទៅ​អត់​មាន​ផ្សែង មានតែ​ចំហាយទឹក​មក​វិញ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សរសើរ​ពី​បច្ចេកទេស​ជប៉ុន​មួយ​នោះ គ្រា​បាន​ទស្សនា​ផ្ទាល់ និង​បាន​បញ្ជាទិញ ដើម្បី​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា​យើង​ផង​ដែរ។ ការ​បញ្ជា​ទិញ​នេះ សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ជប៉ុន ក្រសួង​បរិស្ថាន​ជប៉ុន និង​ក្រុមហ៊ុន​ជប៉ុន នឹង​ជួយ​យើង​ឲ្យ​បាន​ច្រើន​គ្រឿង។

លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គោលដៅ​របស់​យើង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មួយ​ស្រុក​មាន​មួយ​គ្រឿង។ ឡ​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លាស្ទិក នឹង​មិន​ប្រើប្រាស់ ថាមពល​អគ្គិសនី​នោះ​ទេ ប៉ុន្តែ​នឹង​ជំនួស​​មក​វិញ​ដោយ​ការ​ប្រើប្រាស់​ថាមពល​ទាញ​ពី​​ប្រភព​ពន្លឺ​ព្រះអាទិត្យ (Sola)។

លោក អ៊ាង សុផល្លែត បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រួមគ្នា ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​សំណល់ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជប៉ុន​បាន​ឯកភាព​គ្នា​លើ​​ចំណុច ៦ រួមមាន យន្តការ​ឥណទាន​រួម ដែល​មាន​ស្រាប់ និង​គម្រោង​ផ្នែក​ជីវម៉ាស, ២​ សកម្មភាព​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន, ការ​គាំទ្រ​លើ​ផែនការ​ជាតិ ការ​បន្សាំ​នឹង​ការ ប្រែប្រួល​អាកាសធាតុ​ជា​ពិសេស​ប្រព័ន្ធ​ព្រមាន​ជាមុន, ការ​កែច្នៃ​សំរាម-សំណល់​ឡើង​វិញ និង​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​សំណល់, ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ផល​ប៉ះពាល់​នៃ​សំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និង​ ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​លើ​ការ​គ្រប់គ្រង​ឧទ្យានជាតិ៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ាង សុផល្លែតSophalleth