អស្ចារ្យ! អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន បង្ហើបគម្រោង បើករោងចក្របង្គំ ២ បន្ថែមទៀត

អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន បាន​បង្ហើប​ពី​គម្រោង​អាជីវកម្ម​ថ្មី​បន្ថែម​ទៀត​ហើយ ដោយ​មិនមែន​ពង្រីក​ថែម​១ ឡើយ តែ​បង្កើត​បន្ថែម​រោងចក្រ​ដល់​ទៅ ២ ឯណោះ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់ អ្នក​ឧកញ៉ា​វ័យក្មេង​រូប​នេះ ចាត់​ទុក​ការ​ពង្រីក​ខ្លួន និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ គឺជា​រឿង​សំខាន់​ខ្លាំង។ ដោយ​កាល​ពី​ដើម​ឆ្នាំ ២០២៦ ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា សំ សុខនឿន ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន KH Haitech ទើប​បើក​បង្ហាញ​​ក្រុមហ៊ុន​កូនខ្មែរ​ដែល​ផលិត​គ្រឿង​អេឡិចត្រូនិក​ជាច្រើន ដោយ​មាន​ស្លាក​យីហោ​កូន​ខ្មែរ​ថា K Haitech។

ក្រុមហ៊ុន KH Haitech របស់​អ្នក​ឧកញ៉ា សំ សុខនឿន បាន​បញ្ចេញ​ផលិតផល​គ្រឿង​អេឡិចត្រូនិក​​ទំនើប​ៗ​ច្រើន​ប្រភេទ ដែល​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ KH Haitech ក៏​បាន​នាំ​យក​ជំនាញ បច្ចេកវិទ្យា និង​បច្ចេកទេស ពី​ក្រៅ​ប្រទេស មក​បណ្ដុះបណ្ដាល​កូនខ្មែរ ដើម្បី​ទទួល​បាន​ជំនាញ​ច្បាស់លាស់ និង​បង្កើត​ការងារ​ជាច្រើន​ក្នុង​ស្រុក។

មុន​បើក​បង្ហាញ​ផលិតផល អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន បាន​បង្ហើប​ឲ្យ​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ថា KH Haitech បាន​នាំ​យក​បច្ចេកទេស បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន អន្តរជាតិ Haier Haitech មក​ផលិត​ដំឡើង​នៅ​កម្ពុជា។

ក្រោយ​ផលិតផល​នៃ​ក្រុមហ៊ុន KH Haitech របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ដាក់​តាំង​នៅ​ស្តង់​កូន​ខ្មែរ K Haitech ​របស់​ក្រុមហ៊ុន KH Haiteach ក្នុង​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០២៦ នា​ខែ​មករា​កន្លង​ទៅ ឥឡូវ​នេះ​អ្នក​ឧកញ៉ា​ដែល​មាន​ដើម​កំណើត​មកពី​ស្រុកក្រូចឆ្មាររូបនេះ មាន​គម្រោង​បើក​រោង​ចក្រ​ចំនួន ២ បន្ថែម​ទៀត។

ក្នុង​នោះ​រោងចក្រ​បង្គំ ឬ​ដំឡើង ១ គឺ​សម្រាប់ Tablet ម៉ាក «K Haitech» និង​រោងចក្រ​បង្គំ ឬ​ដំឡើង​១ ទៀត​សម្រាប់​ម៉ាស៊ីន​ត្រជាក់ ម៉ាក «K Home» របស់​ក្រុមហ៊ុន KH Haitech ដោយ​មានដៃ​គូ​អន្តរជាតិ មាន​បច្ចេកវិទ្យា​ស្តង់ដារ​អន្តរជាតិ គឺ Haier Haitech។

នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទិសដៅ​ការងារ​ច្បាស់លាស់​របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន និង​ការ​ឈាន​ជើង​ទៅ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​នៃ​ម៉ាក​យីហោ​កូន​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ