កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានណែនាំឲ្យអាជ្ញាធរអគ្គិសនីលើកលែងថ្លៃតភ្ជាប់ចរន្ត (មិនយកលុយថ្លៃតភ្លើង) ឲ្យអតិថិជនលំនៅឋាន ដែលស្នើកម្លាំងពី ៥អំពែ, ១០អំពែ និង ២០អំពែ ១ហ្វា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦តទៅ និងកាត់បន្ថយពេលវេលាតភ្ជាប់ ដើម្បីជួយសម្រួលការភ្ជាប់ចរន្តថ្មីដល់ពលរដ្ឋឲ្យបានឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីណែនាំដូច្នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ។
លោក កែវ រតនៈ ក៏បានលើកឡើងពីវិធានការថ្មី ដោយលោកចង់កាត់បន្ថយការិយាធិបតេយ្យក្នុងការផ្ដល់សេវាទៅកាន់ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួល ដូច្នេះលោកបានណែនាំឲ្យអាជ្ញាធរអគ្គិសនីចេញបទបញ្ញត្តិមិនឲ្យលើសពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីក៏បានប្រាប់ឲ្យកាត់បន្ថយរយៈពេលភ្ជាប់ចរន្តជូនអតិថិជនធុនតូច មានន័យថា ចំពោះអតិថិជនដែលស្នើប្រើប្រាស់កម្លាំងចាប់ពី ១ហ្វា ៦៣ អំពែ ឬ ៣ហ្វា ២០អំពែ គឺត្រូវកាត់បន្ថយមកត្រឹមតែ ៨ ថ្ងៃធ្វើការតែប៉ុណ្ណោះ ទាំងអគ្គិសនីកម្ពុជា និងសេវាករទូទាំងប្រទេស។
គិតមកទល់ពេលនេះភូមិប្រមាណ ៩៩,១ ភាគរយ បានភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញជាតិរួចហើយ ខណៈភូមិពុំមានភ្ជាប់ចរន្តពីបណ្ដាញជាតិ ក៏មានការដាក់ពង្រាយប្រព័ន្ធពន្លឺព្រះអាទិត្យ (សូឡា) របស់អគ្គិសនីកម្ពុជា ដើម្បីឲ្យពលរដ្ឋមានអគ្គិសនីប្រើបណ្ដោះអាសន្នផងដែរ ហើយ បើគិតជាលំនៅឋានខ្នងផ្ទះ គឺបានភ្ជាប់ចរន្តអគ្គិសនីពីបណ្ដាញជាតិជិត ៩៦ ភាគរយហើយ៕
អត្ថបទ៖ ឆដា, រូបភាព៖ Ministry of Mines and Energy Cambodia


