ក្រោមយុទ្ធនាការជំរុញទីផ្សារយ៉ាងសកម្មរបស់កម្ពុជា ឃើញថាក្នុងឆ្នាំ២០២៥កន្លងទៅទទួលបានលទ្ធផលល្អប្រសើរមែនទែន ដោយកម្ពុជាទទួលបានភ្ញៀវទេសចរចិន១,៥លាននាក់ កើនឡើងដល់ទៅជាង៤០ភាគរយ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញពេញមួយឆ្នាំ២០២៥។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ៥ ៥៦៩ ៧៥២នាក់ ថយចុះ ១៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ប៉ុន្តែ ភ្ញៀវចិនដែលមកកម្សាន្តកម្ពុជា បែរជាមានកំណើនរហូតដល់ ៤១,៥ភាគរយ។
កាលឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ១ ២០១ ៦៨១នាក់។ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍បានដាក់ចេញយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្ដែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ី” ការរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន និងមហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិនៅខេត្តសៀមរាប។ ចូលរួមព្រឹត្តិការណ៍នៅតាមបណ្ដាខេត្តរបស់ចិនដូចជា សានទុង, យូណាន, សានស៊ី (Shanxi) និងក្វាងស៊ី និងបង្កើតព្រឹត្តិការណ៍ជាច្រើនទៀត។

ដោយឡែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរចិននេះ ដោយសារតែកម្ពុជាមានសកម្មភាពច្រើនទាំងរដ្ឋ និងឯកជនបានធ្វើការស្រុះគ្នា ក្នុងការផ្សព្វផ្សាយ ការចូលរួមពិព័រណ៍អន្តរជាតិនានានៅប្រទេសចិន។
យោងតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជាបានឱ្យដឹងថា ចំណូលទេសចរណ៍អន្តរជាតិឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថា អាចមានប្រមាណ ៣,៧ ពាន់លានដុល្លារ ដោយកើនឡើង ៣ភាគរយបើធៀបនឹងឆ្នាំ២០២៤។ ដែលប្រាក់ចំណូលពីវិស័យទេសចរអន្តរជាតិកើនឡើង ប៉ុន្តែចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ គឺអាចដោយសារតែជម្លោះប្រដាប់អាវុធនៅតាមព្រំដែនថៃ និងសភាពការណ៍ពិភពលោកមានការប្រែប្រួល៕
អត្ថបទ៖ ឆដា,រូបភាព៖ ក្រសួងទេសចរណ៍ និង អ៊ីនធឺណេត


