ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន លោក ជុំ សុន្ទរី បានជួបជាមួយលោក Hideshi Misawa អ្នកគ្រប់គ្រងទូទៅ និងលោក Shinichiro Yorozu ជំនួយការអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន NX Shoji Co., Ltd. ដើម្បីជួបពិភាក្សាការងារ។

កាលពីថ្ងៃ ២៣ ខែមករា ឆ្នាំ ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជួប និងសម្ដែងការកោតសរសើរយ៉ាងស្មោះ ចំពោះគំនិតផ្ដួចផ្ដើមដ៏សប្បុរសរបស់ក្រុមហ៊ុន NX Shoji ក្នុងការផ្ដល់គ្រឿងសង្ហារិមការិយាល័យដែលប្រើរួច និងមានគុណភាពខ្ពស់ដល់កម្ពុជា ដោយកត់សម្គាល់ថា ការចូលរួមចំណែកនេះផ្ដល់ការគាំទ្រជាក់ស្ដែងដល់ស្ថាប័ន និងអង្គការនានា ព្រមទាំងឆ្លុះបញ្ចាំងពីមិត្តភាព និងសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចំពោះកម្ពុជា។
ឯកអគ្គរាជទូតបានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមដែលរួមបញ្ចូលគ្នានូវជំនួយជាក់ស្ដែងជាមួយនឹងចីរភាពនេះ បានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងបរិស្ថានការងារ និងការសិក្សា ខណៈពេលដែលការយល់ដឹងអំពីបរិស្ថាន ត្រូវបានលើកកម្ពស់តាមរយៈការប្រើប្រាស់ឡើងវិញ និងការកាត់បន្ថយកាកសំណល់។

លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការចូលរួមពីវិស័យឯកជន បង្កើតបានជាសសរស្ដម្ភដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងបានបញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NX Shoji Co., Ltd. ដើម្បីបន្តស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម រួមទាំងការបន្តផ្ដល់អំណោយ ការពង្រីកអំណោយលើសពីគ្រឿងសង្ហារិមការិយាល័យ និងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ដែលមានតម្រូវការ៕
អត្ថបទ៖ ឆដា, Royal Embassy of Cambodia in Japan


