កម្ពុជានឹងមានរោងចក្រកែច្នៃដបប្លាស្ទិកប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET

រោងចក្រ​កែច្នៃ​ប្លាស្ទិកPET របស់​ក្រុមហ៊ុន​ហុងកុង A1 បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ដែល​មាន​ទុន​គ្រោង ២៩ លាន​ដុល្លារ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​។

តាមដានជាមួយយើង៖ Million Times

កាល​ពី​ព្រឹក​ថ្ងៃ​១៩ ខែ​មករា ឆ្នាំ ២០២៦ ​ក្រុមហ៊ុន​ហុងកុង A1 បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​កែច្នៃ​ដបប្លាស្ទិក ដែល​ប្រើប្រាស់​រួច ដើម្បី​ផលិត​ជា​ប្រភេទ PET សម្រាប់​បម្រើ​ដល់​ឧស្សាហកម្ម​ម្ហូប​អាហារ និង​ភេសជ្ជៈ។ ក្រុមហ៊ុន​អេវ័ន្ត​ប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និង​ចែកចាយ​ផលិតផល​ប្លាស្ទិក ដ៏​លេចធ្លោ​មួយ​ក្នុង​ប្រទេស​កម្ពុជា ។

នា​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ខាង​លើ ​បាន​ធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ពោធិ៍សាត់ ស្ថិត​ក្នុង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​ការ​បង្កើត​ការងារ​បៃតង​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ពង្រីក​មូលដ្ឋាន​ចំណូល​របស់​ជាតិ។

ក្នុង​នោះ​​មាន​ការ​ចូលរួម​ពី​សំណាក់ លោក ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ , លោកស្រី Deborah Lee នាយិកា​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន A1-Plastic, លោក​បណ្ឌិត ប្រាំង ជលសា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា អគ្គ​នាយកអគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងលោក លោកស្រី អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕

អត្ថបទ៖ឆដា, រូបភាព៖ កែវ រតនៈ