បើតាមការឲ្យដឹងពីលោក ឃឹម ហ្វីណង់ បានលើកឡើងថា នៅខេត្តពោធិ៍សាត់មាន ដំណាំ ២០ មុខ ត្រូវបានរកឃើញថាមានឧត្ដមភាពប្រកួតប្រជែងខ្ពស់ សម្រាប់ការដាំដុះនៅក្នុងខេត្ត។

នេះជាផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រភេទមុខដំណាំដែលសមស្របក្នុងការដាំដុះទៅតាមលក្ខខណ្ឌក្សេត្រអាកាសធាតុ ដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS)។
នៅក្នុងបទបង្ហាញតម្រង់ទិសដ៏មានសារៈសំខាន់មួយនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃ CPS ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់។

ក្រៅពីស្រូវ ដែលជាដំណាំដាំដុះច្រើនជាងគេនៅតាមតំបន់ទំនាបនៃខេត្ត នៅមានដំណាំជាច្រើនប្រភេទទៀតក្នុងតំបន់អូសោមនៃស្រុកវាលវែង និងផ្នែកខ្លះទៀតនៃស្រុកភ្នំក្រវ៉ាញ ដែលមានសក្ដានុពលខ្ពស់នៅក្នុងការប្រកួតប្រជែង មានតម្លៃបន្ថែមច្រើន និងអាចមានលទ្ធភាពចាប់យកម៉ាកសញ្ញាភូមិសាស្ត្របាន។
ក្នុងនោះដំណាំរយៈពេលខ្លីមានដូចជាស្ពៃក្ដោប ខ្ញី រមៀត រំដេង ត្រាវ និងដំណាំរយៈពេលវែងដូចជាទុរេន ក្រូចពោធិ៍សាត់ ផ្លែប័រ ក្រូចថ្លុង ចេកពងមាន់ ផាសិន ជាដើម។ ដំណាំសក្តានុពលខ្លះទៀតក៏ស្ថិតក្នុងបញ្ជីនេះដែរ ទោះបីជាមានចំនួនដាំដុះតិចតួចនៅឡើយក៏ដោយ ដូចជាម្រេច កាហ្វេ មង្ឃុត ក្រវ៉ាញ គូលែន។

ការរកនេះសង្ឃឹមជាមួយទិន្នផលបែបវិទ្យាសាស្ត្រដែលកើតចេញពីការស្រាវជ្រាវច្បាស់លាស់កាន់តែច្រើន យើងនឹងអាចឈានទៅដល់ការរៀបចំផែនការគោលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់នាពេលខាងមុខ៕
អត្ថបទ៖ ឆដា, រូបភាព៖ ឃឹម ហ្វីណង់


