ឆ្នាំ ២០២៥ អ្នកដំណើរតាមផ្លូវអាកាសជិត ៧លាននាក់បានធ្វើដំណើរមកកម្ពុជា កើនឡើង ១២%

កម្ពុជា បានកត់ត្រាអ្នកដំណើរតាមផ្លូវអាកាសប្រមាណ​ជិត ៧ លាននាក់ ក្នុងរយៈពេល ១២ខែ កាលពី​ឆ្នាំ ២០២៥ ដែល​នេះ​មាន​ការ​កើន​ឡើង ១២ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២៤។ នេះ​បើ យោង​តាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

តាមដានជាមួយយើង៖ Million Times

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ធ្នូ ឆ្នាំ ២០២៥ អ្នក​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ របស់​កម្ពុជា គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ស្វាគមន៍អ្នកដំណើរ ជិត ៧ លាននាក់។

ក្នុងអំឡុងពេលដូចគ្នា ចំនួន​ជើងហោះហើរចូល-ចេញសរុបមានចំនួនជាង ៦ម៉ឺនជើង កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលបរិមាណដឹកជញ្ជូនតាមផ្លូវអាកាសទ្វេទិសជាង ៩ម៉ឺនតោន កើនឡើង ២១ ភាគរយ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មានក្រុមហ៊ុនអាកាសចរណ៍ ៣៦ក្រុមហ៊ុន ក្នុង​នោះ ៤ ជា​របស់​ក្នុង​ស្រុក និងអន្តរជាតិ ៣២ ហើយ​កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុង​ចំណោម ១៧ ប្រទេស​នោះ អាកាសចរណ៍​កម្ពុជា បាន​តភ្ជាប់​ទៅ​កាន់ ៨ ប្រទេស​ក្នុង​តំបន់​អាស៊ាន, ប្រទេស​ចិន កូរ៉េខាងត្បូង តំបន់​រដ្ឋបាលពិសេស​ហុងកុង កោះ​តៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និង​ជប៉ុន។

សូមរំលឹកថា កាលពីដើមឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានព្យាករថា ក្នុងឆ្នាំ ២០២៥ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា នឹងទទួលបានប្រមាណ ៧,៥ លាននាក់៕

អត្ថបទ៖ ឆដា, រូបភាព៖អាកាសចរណ៍ស៊ីវិល