ពីកូនអ្នកចម្ការនៅស្រុកក្រូចឆ្មារ រហូតដល់ក្លាយជាអ្នកដឹកនាំនៃក្រុមអាជីវកម្មចម្រុះ ការរះឡើងរបស់លោកទៅជាអ្នកជំនួញលេចធ្លោមិនមែនគ្រាន់តែជារឿងជោគជ័យផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការវិវត្តន៍ដ៏ទូលំទូលាយរបស់កម្ពុជា និងជាការរំលឹកថា ជាមួយនឹងចំណេះដឹង និងការតស៊ូ សូម្បីតែការចាប់ផ្ដើមតិចតួចបំផុត ក៏អាចនាំឱ្យមានផលតបស្នងនៅទីបំផុតដែរ។


លោកជាមនុស្សជឿជាក់លើការសិក្សាទើបអាចផ្លាស់ប្ដូរខ្លួនឯងបាន និងជួយដល់គ្រួសារ ព្រមទាំងសង្គមជាតិដូចគ្នា។ ការសិក្សារបស់លោកនៅស្រុកកំណើត ដោយពីថ្នាក់ទី១ ដល់ថ្នាក់ទី ៩ នៅក្រូចឆ្មារ។ ក្រោយមកលោកបានផ្លាស់ទៅខេត្តកំពង់ចាម ដើម្បីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីថ្នាក់ទី១០ ដល់ទី ១២ ដែលជាជំហានដ៏សំខាន់មួយដែលបាននាំគាត់ទៅកាន់ពិភពលោកដ៏ធំហួសពីភូមិរបស់គាត់។
ចំណុចរបត់មួយបានកើតឡើងនៅពេលឪពុកម្ដាយលោក បានខាតបង់ពីការធ្វើចម្ការ។ ដោយប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើង ឪពុករបស់គាត់បានសម្រេចចិត្តនាំក្រុមគ្រួសារ ផ្លាស់ទីលំនៅទៅក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកឱកាសក្រៅពីការធ្វើស្រែចម្ការ។ លោកមើលឃើញការតស៊ូនេះបានដក់ជាប់ក្នុងអារម្មណ៍យុវជន សំ សុខនឿន ហើយចាប់ផ្ដើមយល់ថា កសិកម្មបែបប្រពៃណីតែមួយមុខមិនអាចធានាស្ថិរភាពបានទៀតទេ ហើយចំណេះដឹង និងជំនាញ គឺចាំបាច់សម្រាប់វឌ្ឍនភាពរយៈពេលវែង។

ជម្រើសរបស់ លោកគឺការសិក្សា។ “ការអប់រំ គឺជាគន្លឹះក្នុងការទទួលបានទ្រព្យសម្បត្តិ”។ សម្រាប់លោកចំណេះដឹងតំណាងឱ្យអំណាច៖ “អំណាចក្នុងការកំណត់គោលដៅ ដើម្បីធ្វើការសម្រេចចិត្តដោយមានព័ត៌មាន និងផ្លាស់ប្ដូរគន្លងនៃជីវិតរបស់មនុស្សម្នាក់“។ ជំនឿនោះបាននាំយុជនដែលមានប្រភពពីស្រុកក្រូចឆ្មារ ទៅកាន់ទីក្រុងភ្នំពេញ ជាកន្លែងអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ លោករំលឹកថា “យើងជាកូនអ្នកក្រដែលមកទីក្រុង និងមានការលំបាក”។ “យើងត្រូវខិតខំរៀនសូត្រ និងខិតខំធ្វើការ ដើម្បីរកប្រាក់បង់ថ្លៃសាលា”។ លក្ខខណ្ឌរស់នៅគឺធម្មតា អាហារគឺសាមញ្ញ ហើយលុយមួយរៀលៗ ទើបជារឿងសំខាន់។ យ៉ាងណាក៏ដោយ រយៈពេលជាច្រើនឆ្នាំនោះបានកែប្រែគាត់។ លោកបានបណ្តុះវិន័យ ភាពធន់ និងក្រមសីលធម៌ការងារដ៏រឹងមាំ គុណសម្បត្តិដែលក្រោយមកនឹងគាំទ្រទស្សនវិជ្ជាអាជីវកម្មរបស់គាត់។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានបន្តការសិក្សានៅបរទេស ដោយចុះឈ្មោះចូលរៀនថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី។ ការសិក្សានៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចក្នុងតំបន់ បានពង្រីកទស្សនវិស័យរបស់គាត់ និងនាំទៅកាន់ស្តង់ដារអន្តរជាតិនៃវិជ្ជាជីវៈ និងការគ្រប់គ្រង។ គាត់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបធ្វើផែនការដែលមានរចនាសម្ព័ន្ធ ប្រសិទ្ធភាព និងនវានុវត្តន៍ ជំរុញសហគ្រាសជោគជ័យ។



ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ នៅពេលដែលការធ្វើដំណើរ និងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានរំខាន លោកបានជ្រើសរើសវិនិយោគបន្ថែមទៀតលើការសិក្សា ដោយចុះឈ្មោះចូលរៀនកម្មវិធីបណ្ឌិតអនឡាញជាមួយស្ថាប័នមួយនៅប្រទេសអង់គ្លេស។ ការធ្វើឱ្យមានតុល្យភាពនៃការសិក្សាកម្រិតខ្ពស់ជាមួយនឹងការទទួលខុសត្រូវផ្នែកអាជីវកម្មដែលកំពុងកើនឡើងគឺជារឿងដ៏លំបាក ប៉ុន្តែសម្រាប់គាត់ វាបានបញ្ជាក់ជាថ្មីនូវជំនឿពេញមួយជីវិតរបស់គាត់ថា ការសិក្សាគ្មានទីបញ្ចប់ឡើយ ដោយមិនគិតពីអាយុ ឬតំណែង។
អ្នកឧកញ៉ា បានបង្កើតក្រុមហ៊ុន SAM SN Group និងលូតលាស់ធំធាត់ក្រោមស្នាដៃដឹកនាំអ្នកឧកញ៉ា ដែលឧស្សាហ៍ព្យាយាម និងមិនចុះចាញ់ឧបសគ្គរូបនេះ ទើបធ្វើឲ្យជំនឿចិត្តលើវិនិយោគិនបរទេសមកស្រុកខ្មែរក៏កាន់តែច្រើន។

ក្រៅពីប្រាក់ចំណេញ អ្នកឧកញ៉ា ក៏ចាប់ផ្ដើមផ្ដោតកាន់តែខ្លាំងឡើងលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ដោយលោកជឿជាក់ថា ការពឹងផ្អែកលើទំនិញនាំចូលកំណត់ភាពធន់របស់ប្រទេស ហើយការកសាងឧស្សាហកម្មក្នុងស្រុក គឺមានសារៈសំខាន់ ប្រសិនបើកម្ពុជាចង់សម្រេចបានមហិច្ឆតាខ្លួន ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


