កាលពីថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធនានា ចូលរួមក្នុងអង្គប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ១៣ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣២៣ លានដុល្លារ។

គម្រោងទាំងនោះ អាចបង្កើតការងារបានប្រមាណ ៧ ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្ម ១២ គម្រោង និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ១ គម្រោង ហើយក៏មានគម្រោងរបស់ក្រុមហ៊ុនមី Indomie របស់ឥណ្ឌូណេស៊ីផងដែរ នេះបើយោងតាមរយៈរូបភាពនៃកិច្ចប្រជុំនោះ។
ក្នុង ១៣ គម្រោងនោះមានផលិតផលគ្រឿងសម្អាង, ផ្គុំដំឡើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌ និងផលិតផលវាយនភណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំឡើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កា និងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត។

ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធ ១ គម្រោង គឺអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់អានុភាព ១៥០ មេហ្កាវ៉ាត់។
គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្ដាល, តាកែវ កំពង់ស្ពឺ, កំពង់ឆ្នាំង, បាត់ដំបង និងមណ្ឌលគិរី៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


