ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្ត ក្រុង និង រដ្ឋធានី ប៉េកាំង បានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានអញ្ជើញបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្ដម-ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អភិបាលរងរាជធានីភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង ៥០០ នាក់ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។
អ្នករៀបចំកម្មវិធីវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូនអំពីការចូលរួមក្នុងជំនួបផ្គូផ្គងដែលមានអ្នកទិញ ៦៣ ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងវៀតណាម ហើយអ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ៧៥ក្រុមហ៊ុន ដែលមានចាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥% ឡើងទៅ។

អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញដំណើរទស្សនកិច្ចស្វែងយល់ពីសក្ដានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាស «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងអំណរគុណ ចំពោះការអញ្ជើញមករបស់ធុរជនចិន ដែលពិតជាបានពិនិត្យមើលជាក់ស្ដែងពីសក្ដានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជា នាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្ដៅ និងមានភាពទាក់ទាញ។

លោកក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយ សក្ដានុពលទេសចរណ៍កម្ពុជា ពិសេសការលើកលែង ទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះឲ្យបានទូលំទូលាយ និងដល់ភ្ញៀវរបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវចិន មកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
យោងតាមរយៈស្ថិតិទេសចរណ៍ រយៈពេល ១១ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ លាននាក់ ដែលក្នុងនោះ ភ្ញៀវមកពីចិន មានចំនួនច្រើនជាង ១,១លាននាក់ កើនឡើងជិត ៤៤% ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ ២០២៤៕



អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងទេសចរណ៍


