ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ចំនួន ៤ លានដុល្លារ សម្រាប់គ្រួសារជនភៀសសឹក

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាមួយនឹងជំនួយមនុស្សធម៌ចំនួន ៤ លានដុល្លារសម្រាប់គ្រួសារជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សូមឈររួបរួមជាមួយប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាករបស់ប្រទេសកម្ពុជា។ តាមរយៈការបរិច្ចាគជាបន្តបន្ទាប់ក្នុងខែធ្នូនេះ ជំនួយមនុស្សធម៌សរុបដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានឈានដល់ ៤លានដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារដែលជម្លៀសខ្លួនដោយសារជម្លោះព្រំដែនថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន រ៉ូុយ៉ាល់ គ្រុប នោះគឺ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust Royal Bank បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាមេរិក ក្នុងមួយក្រុមហ៊ុន បន្ទាប់ពីការបរិច្ចាគមុនចំនួន ២លានដុល្លារ របស់អ្នកឧកញ៉ា គិត ម៉េង ដែលសរុបទាំងអស់ចំនួន ៤លានដុល្លារអាមេរិក ពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងមូល។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឆ្លុះបញ្ចាំងពីស្មារតីយូរអង្វែងនៃ «យើងសាមគ្គីគ្នា ដើម្បីកម្ពុជា» ដែលជាទំនួលខុសត្រូវរួមគ្នារវាងថ្នាក់ដឹកនាំជាតិ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងការឈររួមគ្នាក្នុងគ្រាមានវិបត្តិ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលរួមមាន ក្រុមហ៊ុនសែលកាត ធនាគារវីង ក្រុមហ៊ុន CBS និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបទាំងអស់ នៅតែប្តេជ្ញាចិត្តក្នុងការជួយប្រទេសកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព ឯកភាព និងសុខុមាលភាពរបស់គ្រួសារកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត៕

អត្ថបទ៖ ប៊ី