អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថាបនិកនៃក្រុមហ៊ុន Mong Rithy Group Ltd បានចាត់ចែងក្រុមកម្លាំងការងារចុះទៅជួយដល់ជនភៀសសឹក ដែលបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ព្រោះត្រូវសៀមឈ្លានពាន។

ដោយមើលឃើញពីទុក្ខលំបាកនៃប្រជាពលរដ្ឋភៀសសឹក កាលពីថ្ងៃ ១៥ ខែធ្នូ កន្លងទៅអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាឲ្យក្រុមការងារយកសាច់ជ្រូកជាង ១ តោន ដឹកទៅជំរំជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ។
សេដ្ឋីផ្នែកកសិកម្មប្រចាំស្រុកខ្មែររូបនេះ បានចាត់ចែងក្រុមការងារដឹកជញ្ជូនជ្រូកសាច់ សម្រាប់ធ្វើអាហារចំនួន ១ ២០០ គីឡូក្រាម។ ដោយមានលោក ស្ទីវហាយដិ ជាប្រធានសមាគមផ្ដល់ភាពញញឹមកម្ពុជា បានផ្ដល់អង្ករ ១២ តោន សម្រាប់ចែកជូនដល់ជនភៀសសឹក ១ ២០០ គ្រួសារ ស្មើនឹង ៦ ៥០០ នាក់ នៅវត្តសូរីយ៉ារាម ភូមិជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី បានបន្តឲ្យដឹងទៀតថា មុនពេលលោក ស្ទីវហាយដិ ជាប្រធានសមាគមផ្ដល់ភាពញញឹមកម្ពុជា មុនចែកអំណោយ ៣០ នាទី យន្តហោះ F-16 របស់សៀមឈ្លានពាន បានហោះកាត់ និងទម្លាក់គ្រាប់បែកនៅជិតទីតាំងចែកអំណោយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក។
ចាប់តាំងពីមានការឈ្លានពានពីសំណាក់សៀមមកលើកម្ពុជា អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងគ្រួសារមិនដែលនៅស្ងៀមឡើយ។ អ្នកឧកញ៉ា បានចូលរួមសកម្មភាពជាច្រើនទាំងការចូលរួមបុណ្យសពវីរកងទ័ពខ្មែរដែលបានពលីនៅសមរភូមិ និងចាត់ចែងជំនួយផ្សេងៗ ដើម្បីជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋភៀសសឹក។

ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា (គណៈកម្មការទី៣នៃព្រឹទ្ធសភា) ក៏បានចូលរួមជាថវិកាច្រើនដងហើយ តាំងពីសៀមឈ្លានពានខែកក្កដា ម្ល៉េះ៕



អត្ថបទ៖ ឆដា, រូបភាព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី


