ឡានដឹកស្បៀងឆ្លងកាត់ផ្លូវល្បឿនលឿន ក្រសួងនឹងជួយ​សម្រួលមិនបាច់បង់ប្រាក់សេវា

ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ក្នុង​ន័យ​មនុស្ស​ធម៌ ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ នឹង​លើកលែង​កម្រៃ​សេវា​ សម្រាប់​យានយន្ត​ដែល​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទៅ​កាន់​តំបន់​ពលរដ្ឋ​ភៀសសឹក។

តាមដានជាមួយយើង៖ Million Times

ក្នុង​លិខិត​របស់​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ច្បាស់ មិន​ថា​ក្រសួង ស្ថាប័ន និង​ឯកជន​អង្គការ​មហាជន និង​សប្បុរសជន​ទូទៅ ដែល​មាន​បំណង​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​យក​ទៅ​ផ្ដល់​ជូន​ពលរដ្ឋ​ភៀស​សឹក នៅ​ខេត្ត​កោះកុង ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន មិន​មាន​ការ​បង់​កម្រៃ​សេវា​ឡើយ។

ដើម្បី​ជា​ការ​សម្រួល​បន្ទុក ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព ងាយស្រួល និង​ឆាប់រហ័ស ក្រសួង​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ដោយ​ក្នុង​ន័យ​មនុស្ស​ធម៌ ក្រុមហ៊ុន​បាន​ឯកភាព​មិន​យក​កម្រៃ​ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ស្បៀង សម្រាប់​ផ្គត់ផ្គង់​តាម​តំបន់​ភៀស​សឹក​នានា។

ជា​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ស្ថាប័ន​រដ្ឋ ក្រសួង និង​ឯកជន​អង្គការ​មហាជន និង​សប្បុរស​ជន​ទូទៅ សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា តាម​ទូរស័ព្ទ ០១២ ៩៧២ ០២៧ ដើម្បី​ឲ្យ​ក្រសួង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿនលឿន៕

អត្ថបទ៖ឆដា, រូបភាព៖ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​