សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៖ ការ​គំរាម​កំហែង​របស់​ថៃ​ចំពោះ​ការ​ដឹក​ជញ្ជូន​ប្រេង ​និង​ពាណិជ្ជកម្ម​តាម​សមុទ្រ​ជាមួយ​កម្ពុជា​ គឺ​ជា​ការ​គំរាម​កំហែង​ដល់​គ្រប់​ជាតិ​សាសន៍

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ថា ៖«ការ​គំរាម​កំហែង​របស់​ថៃ​ចំពោះ​ការ​ដឹក​ជញ្ជូន​ប្រេង ​និង​ពាណិជ្ជកម្ម​តាម​សមុទ្រ​ជាមួយ​កម្ពុជា​គឺ​ជា​ការ​គំរាម​កំហែង​ដល់​គ្រប់​ជាតិ​សាសន៍។ ការ​បញ្ឈប់ ឬ​រារាំង​នាវា​ដឹក​ទំនិញ​អាមេរិក​មក​កម្ពុជា ឬ​ទំនិញ​កម្ពុជា​ទៅ​អាមេរិក​គឺ​ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ។ លើស​ពី​នេះ វា​នឹង​ក្លាយ​ជា​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល និង​ការ​កើន​ឡើង​យ៉ាង​សាហាវ​នៃ​ជម្លោះ»។

ទន្ទឹមនេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅថ្ងៃដដែល បានផ្ទើលិខិតទៅស្ថានទូតអាមេរិកនៅកម្ពុជា ដោយបានបង្ហាញពីក្តីបារម្ភខ្លាំងចំពោះការគំរាមកំហែង​យោធា​ថៃ ដែលកំណត់យកកំពង់ផែកម្ពុជាថា ជាតំបន់មានហានិភ័យខ្ពស់ និងទប់ស្កាត់ការដឹកជញ្ជូនប្រេងឥន្ទនៈ និងទំនិញផ្សេងៗទៀតតាមសមុទ្រ។

ក្នុងលិខិតរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលមានចំណងជើងថា “ការគំរាមកំហែង​យោធា​ថៃ​ក្នុង​ការ​កំណត់​កំពង់ផែ​កម្ពុជាជា «​តំប​ន់ហានិភ័យ​ខ្ពស់​» និង​ទប់ស្កាត់​ប្រេងឥន្ធនៈ” មានខ្លឹមសារដូចតទៅ ៖

តាមដានជាមួយយើង៖ Million Times

«យើងសូមបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់យោធាថៃដែលថា ប្រទេសថៃអាចកំណត់យកកំពង់ផែកម្ពុជាជា “តំបន់ហានិភ័យខ្ពស់” និងការរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ (ក្នុងន័យសង្រ្គាម តំបន់ហានិភ័យខ្ពស់ មានន័យថា តំបន់អាចផ្ទុះអាវុធគ្រប់ពេល)

បច្ចុប្បន្ន មានអាជីវកម្ម ដែលគ្រប់គ្រងដោយជនជាតិអាមេរិកប្រមាណ ៨៦៥  បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនអាមេរិករាប់រយទៀតធ្វើការជាមួយក្រុមហ៊ុនផលិតនៅកម្ពុជា ដើម្បីផលិតទំនិញសម្រាប់ម៉ាកយីហោអាមេរិក។ ក្រុមហ៊ុនទាំងនេះ គឺតំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់តម្លៃសមរម្យដល់គ្រួសារ និងអ្នកប្រើប្រាស់ទាំងកម្ពុជា និងអាមេរិក។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅឆ្នាំ ២០២៥ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ។ ជនជាតិអាមេរិករាប់ពាន់នាក់រស់នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រួសារ កូនៗ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ជនជាតិអាមេរិកបានបង្កើតសាលារៀន និងសេវាថែទាំសុខភាពមួយចំនួនក្នុងប្រទេសកម្ពុជា។

ដូច្នេះហើយ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់យោធាថៃកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ ដែលគំរាមកំហែងកំណត់កំពង់ផែកម្ពុជាថា ជាតំបន់មានហានិភ័យខ្ពស់ និងទប់ស្កាត់ការដឹកជញ្ជូនប្រេងឥន្ទនៈ និងទំនិញផ្សេងៗទៀតតាមសមុទ្រ។ សេចក្តីថ្លែងការណ៍ទាំងនេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយលោក កាពីទែន ណារ៉ា ឃុនកថម (Nara Khunkothom) ជំនួយការអ្នកនាំពាក្យ នៃកងនាវាចរថៃ នៅមជ្ឈមណ្ឌលព័ត៌មានស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅស្ថានីយទូរទស្សន៍កងទ័ព។ នៅក្នុងសេចក្តីសង្ខេបនោះ លោកបានពណ៌នាអំពីសំណើរបស់យោធាថៃក្នុងការទប់ស្កាត់ និងត្រួតពិនិត្យការដឹកជញ្ជូនប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតមកកម្ពុជា ក៏ដូចជាការប្រកាសដែនទឹកជុំវិញកំពង់ផែកម្ពុជាថាជា “តំបន់ដែលមានហានិភ័យខ្ពស់”។

ការបិទផ្លូវប្រេងឥន្ធនៈនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងអាជីវកម្មអាមេរិកនៅកម្ពុជា។ អាជីវកម្មអាមេរិកនឹងប្រឈមនឹងការបិទទ្វារ ហើយគ្រួសារអាមេរិកនឹងប្រឈមមុខនឹងបញ្ហាក្នុងការបំពេញតម្រូវការដឹកជញ្ជូន និងថាមពលប្រចាំថ្ងៃជាមូលដ្ឋាន រួមទាំងសាលារៀន និងការព្យាបាលវេជ្ជសាស្រ្តផងដែរ។ ជនស៊ីវិលអាមេរិកនឹងរងទុក្ខ និងមានការប៉ះពាល់ពីការបិទផ្លូវនេះ។

លើសពីនេះ ដោយសារពាណិជ្ជកម្មភាគច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា ធ្វើឡើងជាមួយការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការកំណត់កំពង់ផែស៊ីវិលកម្ពុជាជាកំពង់ផែដែលមានហានិភ័យខ្ពស់នឹងធ្វើឱ្យថ្លៃធានារ៉ាប់រង និងការដឹកជញ្ជូនមិនអាចទទួលយកបាន ដែលបំផ្លាញពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ វាក៏នឹងរុញច្រានប្រជាជនជាងមួយលាននាក់ ដែលជាកម្មករ កម្មការនី ធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រ។

ការគម្រាមកំហែងរបស់ថៃមកលើកំពង់ផែ និងការដឹកជញ្ជូនឥន្ធនៈរបស់កម្ពុជា គឺជាការកើនឡើងនៃជម្លោះដែលមិនចាំបាច់ និងឃោរឃៅ ដែលធ្វើឱ្យមានការរងទុក្ខយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល»៕ (បកប្រែក្រៅផ្លូវការ)

អត្ថបទ៖ ប៊ី