លោកអ្នកឧកញ៉ា ពុង ឃាវសែ (ធនាគារកាណាឌីយ៉ា) បានប្រកាសចូលរួមឧបត្ថម្ភថវិកា ៣ លានដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្ដោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈសម្ដេចតេជោ ហ៊ុន សែន។

ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ៣ លានដុល្លារនេះ សម្រាប់ជួយទ្រទ្រង់កងទ័ពដែលបានឈរពាំងនៅចំពោះមុខសត្រូវដោយមិនខ្លាចញញើត។ មួយចំណែកទៀត គឺដើម្បីជួយដល់ប្រជាជនដែលបានរត់គេចពីគ្រាប់កាំភ្លើង ទាំងគ្មានអ្វីនៅក្នុងខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃ ៩ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមស្ម័គ្រចិត្តឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមសាមគ្គីគ្នា ជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

ក្រោយសម្ដេចតេជោ ហ៊ុន សែន អំពាវនាវក្រុមហ៊ុនធំៗជាច្រើនក្នុងស្រុកខ្មែរបានចូលរួមយ៉ាងសស្រាក់សស្រាំខ្លះ ១ លានដុល្លារ, ២ លានដុល្លារ និង ៣ លានដុល្លារ ជាដើម។
លោកអ្នកឧកញ៉ា ជាអ្នកជំនួញបានចាប់ផ្ដើមអាជីពធនាគាររបស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយបានបើកដំណើរការធនាគារកាណាឌីយ៉ា និងរួមចំណែកក្នុងការស្ថាបនាឡើងវិញវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ នៅឆ្នាំ ២០០០ គាត់បានបង្កើត អូស៊ីអាយស៊ី គ្រុប (OCIC) ដោយពង្រីកទៅលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដែលការអភិវឌ្ឍរបស់លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ឆដា, រូបភាព៖ OCIC និងអ៊ីនធឺណេត


