នៅព្រឹកថ្ងៃ ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជា។

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈនៃការយោគយល់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តកម្មវិធីផ្ដល់ហិរញ្ញប្បទាន ២០០លានដុល្លារ។ ពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង។
ស្ថាប័នទាំង ២ ក៏នឹងសហការគ្នា លើកកម្ពស់ការប្រើប្រាស់សេវាទូទាត់តាមឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចបង្កើនប្រសិទ្ធភាព តម្លាភាព និងការឈានចូលអាជីវកម្មផ្លូវការ សម្រាប់ទាំងសហគ្រាសក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង នឹងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីរៀបចំ និងអនុវត្តផែនការ និងគំនិតផ្ដួចផ្ដើមសំខាន់ៗ ក្រោមអនុស្សរណៈនេះ។ សម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានតម្រូវការហិរញ្ញប្បទាន ដើម្បីពង្រីកកំណើនមុខរបរ និងប្រតិបត្តិការអាជីវកម្ម ពីកម្មវិធីឥណទាន ២០០ លានដុល្លារនេះ ដោយទាក់ទងទៅសាខាធនាគារ វីង ឬផ្នែកសេវាអតិថិជនតាមរយៈទំព័រហ្វ៊េសបុកផ្លូវការ របស់ធនាគារ វីង៕



អត្ថបទ៖ឆដា, រូបភាព ក្រសួងឧស្សាហកម្ម វបន


