ដូចដែលដឹងស្រាប់ហើយថា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP ត្រៀមបង្ហាញផលិតផលថ្មីដែលជាប្រេន KH Haitech របស់កូនខ្មែរ នាពេលឆាប់ៗនេះ។


អ្នកជំនួញដ៏មមាញឹក សំ សុខនឿន បានបង្ហាញឲ្យដឹងពីផលិតផលខ្លះៗហើយ ដោយមានទាំងម៉ាស៊ីនត្រជាក់ និងថេប្លេត មានឈ្មោះថា «KH Haitech Tablet និង KH Haitech Air Conditioner។ នៅមិនទាន់អស់ឡើយ KH Haitech ក៏នៅមានផលិតផលជាច្រើនទៀត ហើយនឹងឃើញក្នុងស្តង់តាំងបង្ហាញ នៅថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ ABCDE) រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ស្ថាបនិក & ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សេម អេសអិន គ្រុប ចូលរួមឧបត្ថម្ភទឹកប្រាក់ ១៥ ០០០ ដុល្លារដល់សភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការរៀបចំ «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦»។




កម្មវិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៦។
អ្នកឧកញ៉ាដែលមានដើមកំណើតនៅស្រុកក្រូចឆ្មាររូបនេះ បានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកដៃគូជំនួញ។ អ្នកឧកញ៉ា បានបង្ហើបខ្លះបន្ថែមទៀតថា KH Haitech ដែលនឹងឈានដល់ការបង្កើតរោងចក្របង្គំនៅកម្ពុជាតែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


