ក្រសួងកសិកម្មកំពុងជំរុញការតភ្ជាប់ទីផ្សារអង្ករថ្មីពីកម្ពុជា ទៅកាន់​ហ្វីលីពីន

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ការ​តភ្ជាប់​ទីផ្សារ​អង្ករ​ថ្មី​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

តាមដានជាមួយយើង៖ Million Times

កាលពី​​ថ្ងៃ៣ ខែ​ធ្នូ ឆ្នាំ ២០២៥ លោក ឌិត ទីណា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់បងប្អូនកសិករកម្ពុជា។

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុងគោល​បំណង​ពិនិត្យ​លទ្ធភាព​នៃ​ការ​បញ្ជា​ទិញ​អង្ករ​ដោយ​ផ្ទាល់​ពី​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ប្រទេស​ហ្វីលីពីន ដែល​ជា​ការ​បើក​ច្រក​ទីផ្សារ​ស្រូវ​បន្ថែម​ទៀត ជូន​ដល់​បងប្អូន​កសិករ​ខ្មែរ។

ដើម្បី​ធ្វើឲ្យ​កិច្ចការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្រសួងកសិកម្ម​បាន​សម្របសម្រួល​ឲ្យ​មាន​ជំនួប​ដោយ​ផ្ទាល់​រវាង​គណៈ​ប្រតិភូ​ក្រុមហ៊ុន​ហ្វីលីពីន និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ចរចា​លម្អិត​អំពី​លទ្ធភាព​នៃ​ការ​នាំ​ចេញ និង​ជំរុញ​ការ​បញ្ជា​ទិញ​នេះ​អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ។

ការ​តភ្ជាប់​ទំនាក់ទំនង​កសិ​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រទេស​ទាំងពីរ។ ភាគី​ហ្វីលីពីន​នឹង​ទទួល​បាន​ប្រភព​ផ្គត់ផ្គង់​អង្ករ​ដែល​មាន​គុណ​ភាព​ខ្ពស់ ខណៈ​កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​អន្តរជាតិ​ថ្មី​មួយ​ទៀត។

លោក ឌិត ទីណា បាន​បន្ថែម​ទៀត​ថា ​ការ​បើក​ទីផ្សារ​អង្ករ​ថ្មី​នេះ ក៏​នឹង​ជួយ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដៃគូ​របស់​ក្រសួង​កសិកម្ម​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ​បាន​កាន់តែ​ច្រើន និង​ទូលំទូលាយ​ជាង​មុន៕

អត្ថបទ៖ ឆដា, រូបភាព៖ ឌិត ទីណា – DITH Tina