សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត ពោលគឺសហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការ កណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល កាលថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២៥។
ការថ្លែងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺ នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើង ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្តដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណបក្សខេត្ត,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល យុវជនគណបក្សថ្នាក់កណ្តាល និង ឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង ២០០នាក់។

នៅក្នុងឱកាសសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា កម្មវិធីនាថ្ងៃនេះ មិនមែនត្រឹមតែជាវេទិកាពិភាក្សាអំពីសហគ្រិន-ភាព, កសិកម្មឬហិរញ្ញប្បទាន តែប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសម្យបំផុតសម្រាប់សហ គ្រិនវ័យក្មេងកម្ពុជាក្នុងការពិភាក្សាអំពីអនាគត ជាពិសេសការវិនិយោគ សម្រាប់អនាគត។
លើសពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែក នូវទស្សនចំនួន ២ ពោលគឺដំណើវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គរ រហូតដល់បច្ចុប្បន្ន និង សរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុដែលជាប្រភពមូលនិធិសម្រាប់អាជីវកម្ម និងនាពេលបច្ចុប្បន្ន។ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា «នៅពេលយើង និយាយអំពីពាក្យ “វិនិយោគ”មនុស្សភាគច្រើន នឹកឃើញភ្លាមអំពីលុយ ដូចជាប្រាក់ចំណេញមូលធន ឬផលចំណេញហិរញ្ញវត្ថុ។ ប៉ុន្តែសម្រាប់ពាក្យ “វិនិយោគ សម្រាប់ អនាគត” មានអត្ថន័យធំធេងជាងនេះខ្លាំងណាស់ ពោលគឺអត្ថន័យនៃពាក្យ “វិនិយោគ សម្រាប់ អនាគត” រួមបញ្ចូលទាំង ថាមពល, ជំនាញ, គុណតម្លៃ, និងចក្ខុវិស័យ ដែលសំដៅការរួមគ្នា កសាងប្រទេសជាតិ ឱ្យកាន់តែមានបរិយាប័ន្ន, មានចីរភាព, មានភាពប្រកួតប្រជែង, និងមាន ភាពធន់នឹងការកត្តាខាងក្រៅជាដើម»។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកថា« សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិ-យោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់ អនាគត ស្របពេលដែលការវិវត្តនៃបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និង វិបត្តនៃការប្រែប្រួលអាកាសធាតុ, សហគ្រិន មានតួនាទីសំខាន់លើកពីម្ចាស់អាជីវកម្ម ដែល មានន័យថាសហគ្រិន គឺជាអ្នកកសាងភាពធន់, អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស»។

ជុំវិញនឹងពាក្យការវិនិយោគ ដើម្បីអនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពន្យល់ដល់សហគ្រិនវ័យក្មេងដែរថា ការវិនិយោគ ដើម្បីអនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើ ទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាព។ បន្ថែម ពីនេះ ការវិនិយោគដើម្បីអនាគត ក៏មានន័យថា ការវិនិយោគលើមនុស្ស ចីរភាព បច្ចេកវិទ្យា និងភាពជឿជាក់។ ជាក់ស្តែង ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ កំពុងឈានចូលយុគសម័យ សេដ្ឋកិច្ចថ្មីមួយ ដែលការច្នៃប្រឌិត គឺជាមូលដ្ឋានគ្រឹះ ហើយកិច្ចសហប្រតិបត្តិការ គឺជារូបិ-យប័ណ្ណ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងនិងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួម ក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនថែមទៀត”៕
អត្ថបទ៖ ប៊ី


