រដ្ឋមន្ត្រីក្រសួងការងារ ចូលរួម​សន្និសីទ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» នៅ​សិង្ហបុរី

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចូលរួម​សន្និសីទ​ស្ដី​ពី «គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​វិស័យ​វាយនភណ្ឌ» លើកទី៧ ក្រោម​ប្រធាន​បទ «ការ​ជំរុញ​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​សកល សម្រាប់​អនាគត​ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិការ និង​នវានុវត្តន៍» ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ១៩ ដល់ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​សិង្ហបុរី។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៣០០ នាក់ មាន​តំណាង​រដ្ឋាភិបាល អង្គទូត អ្នក​បញ្ជា​ទិញ អ្នក​ផលិត​វត្ថុធាតុ​ដើម អ្នក​ផ្គត់ផ្គង់ អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល នៃ​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ។

សន្និសីទ​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​វាយនភណ្ឌ ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម ខ្សែ​ក្រវាត់ និង​ផ្លូវ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ចិន-អាស៊ាន, សមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល, ឱកាស​ភាព​ជា​ដៃគូ និង​ទស្សន​វិស័យ​នៃ​ការ​វិនិយោគ​ក្នុង​តំបន់។

នៅ​ក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចែករំលែក​ពី «គំរូ​កំណើន ឈ្នះ-ឈ្នះ សម្រាប់​ចិន និង​អាស៊ាន ក្នុង​វិស័យ​វាយនភណ្ឌ ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ» ដោយ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​របស់​កម្ពុជា​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដោយ​សង្កត់​ធ្ងន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម ដែល​មាន​ភាព​ប្រកួតប្រជែង ការ​រីកចម្រើន​ច្រវាក់​ផលិតកម្ម​ប្រកប​ដោយ​ចីរភាព និង​ការ​ពង្រីក​លទ្ធភាព​ចាប់​យក​ឱកាស​វិនិយោគ ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ សម្រាប់​កំណើន​រួមគ្នា​រវាង​កម្ពុជា និង​ចិន​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា​ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ អ្នក​បញ្ជា​ទិញ អ្នក​ផលិត​វត្ថុធាតុ​ដើម អ្នក​ផ្គត់ផ្គង់ អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​វិស័យ​វាយនភណ្ឌ ក្នុង​គោល​បំណង​បង្ហាញ​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ និង​គោល​នយោបាយ​គាំទ្រ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​វិស័យ​នេះ។

លោក ហេង សួរ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធ​បុរស​រង និង​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ Donghau ប្រទេស​ចិន ដើម្បី​ពិភាក្សា​លទ្ធភាព​ក្នុង​ការ​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ