ម្ចាស់អាណាចក្រ ជីប ម៉ុង គឺលោកអ្នកឧកញ៉ា ភាព ហៀក បានចុះទៅមន្ទីរពេទ្យសួរសុខទុក្ខប្រជាជនរងរបួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវទាហានថៃបើកការបាញ់ប្រហារ និងឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ១០ លានរៀល។

កាលពីថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរចុះទៅមន្ទីរពេទ្យកាល់មែត្រ ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលរងរបួសដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃបានបើកការបាញ់ប្រហារនាថ្ងៃ ១២ ខែវិច្ឆិកា វេលាម៉ោងប្រមាណ ៣ រសៀលកន្លងទៅ។
កន្លងទៅក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមការបរិច្ចាគធនធាន ថវិកា និងស្បៀងអាហារជាច្រើន ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាច្រើន។ ជាក់ស្ដែងកាលចុងខែឧសភា ឆ្នាំ ២០២៥ ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូនៗដែលជាសហស្ថាបនិកបានចុះដោយផ្ទាល់ នាំថវិកាឧបត្ថម្ភ ៤០ ម៉ឺនដុល្លារ និងភេសជ្ជៈជាច្រើនជូនដល់កងទ័ពជួរមុខ ឈរជើងនៅព្រំដែនខេត្តព្រះវិហារ។

គួរបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប បានចុះទិញស្រូវផ្ទាល់ៗពីប្រជាកសិករ ៥ ០០០ តោនរៀងរាល់ឆ្នាំ។ សម្រាប់អតិថិជនក៏អាចចូលរួមជួយតាមរយៈផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងកិនជាអង្ករ ហើយយកមកចែកចាយលក់នៅតាមបណ្ដាសាខាទាំង ១៥ របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅក្នុងតម្លៃខាត ពោលគឺមិនគិតពីប្រាក់ចំណេញ ធ្វើយ៉ាងណាអាចជួយសម្រាលជីវភាពកសិករ ជាពិសេសលើកស្ទួយកសិផលនៅក្នុងស្រុក៕




អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group និង Khmer Beverages


