នំ​បញ្ចុក​សៀមរាប ម្រេច​កំពត និងផលិតផលកម្ពុជា ១៨ ផ្សេងទៀតបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

គិត​ត្រឹម​ឆ្នាំ ២០២៥ មាន​ផលិតផល ២០ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផលិតផល​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ផលិតផល​សមូហភាព ១១, ផលិតផល​សម្គាល់​ភូមិសាស្រ្ត ៨ និង​ម៉ាក​វិញ្ញាតកម្ម ១។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម។

តាមដានជាមួយយើង៖ Million Times

ចំពោះ​ផលិតផល​ម៉ាក​សមូហភាព​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​រួមមាន ដូងខ្ទិះ​បាត់ដំបង, នំ​បញ្ចុក​សៀមរាប, ក្រូចថ្លុង​កោះពីរ, គុយទាវ​ភ្នំពេញ, អំបុក​កំពង់ធំ , អង្ករ​ដំណើប DSMK, អង្ករ​សែន​ក្រអូប SKO , អង្ករ​ព្រះវិហារ, ចម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្ដាល, ថ្នាំជក់​កម្ពុជា និង​ចុងក្រោយ​គឺ​សំបុក​ត្រចៀកកាំ។

រីឯ​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​វិញ​មាន​ដូចជា ម្រេច​កំពត, ស្ករត្នោត​កំពង់ស្ពឺ, ក្រូចថ្លុង​កោះទ្រង់, ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី, ទឹកត្រី​កំពត​កែប, អំបិល​កំពត​កែប, បង្កង​តាកែវ និង​ប្រហុក សៀមរាប។ សម្រាប់​ផលិតផល​ម៉ាក​វិញ្ញាតកម្ម​​ចំនួន​១ គឺ MALYS ANGKOR។

ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឱកាស​ចូលរួម​វេទិកា និង​ពិព័រណ៍​កសិកម្ម​ឆ្នាំ ២០២៥ បាន​លើក​ឡើង​ពី​ការ​ធ្វើ​ពិពិធ​កម្ម​មុខ​ទំនិញ​យុទ្ធសាស្ត្រ​របស់​កម្ពុជា រួម​ទាំង​ដំណាំ​កសិកម្ម​​សក្ដានុពល​ដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និង​មៀន​ប៉ៃលិន​ជាដើម ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ៕

អត្ថបទ៖ ឆដា, រូបភាព៖ ទូរទស្សន៍​ជាតិ​កម្ពុជា​ទទក និងអ៊ីនធឺណេត