កម្ពុជា​​ស្វាគមន៍នាវា​ទេសចរណ៍​ MS Westerdam មក​ចូល​កម្ពុជា​ជា​លើក​ទី​៣

នាវា​ទេសចរណ៍ MS Westerdam បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ ​នា​ក្រុង​ព្រះសីហនុ សា​ជា​ថ្មី​ម្ដង​ទៀត​ហើយ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជិត ២ ពាន់​នាក់​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

​ថ្នាក់​ដឹក​នាំ​របស់​នាវា​ទេសចរណ៍​មួយ​នេះ ​មិន​ដែល​ភ្លេច​ឡើយ​សម្រាប់​ទឹក​ចិត្ត​ដ៏​ធំ​ធេង​របស់​កម្ពុជា ​អំឡុង​ពេល​កូវីដ-១៩​កន្លង​ទៅ ដែល​កាល​នោះ​មាន​តែ​ប្រទេស​កម្ពុជា​មួយ​គត់​ដែល​យល់​ព្រម​ឱ្យ​ពួកគេ​ចូល​ចត។ ​ព្រឹត្តិការណ៍​មនុស្សធម៌ ដែល​សម្ដេច​តេជោ ហ៊ុន សែន​ បាន​ធ្វើ​នា​ពេល​នោះ ធ្វើ​ឲ្យ​កម្ពុជា​ល្បី​រន្ទឺ​ពេញ​ពិភពលោក ជាមួយ​នឹង​ពាក្យ​ថា កម្ពុជា​តូច តែ​បេះដូងធំ។ ចាប់​តាំង​ពី​នោះ​មក ​នាវា​មួយ​នេះ​មិន​ដែល​ភ្លេច​កម្ពុជា ​និង​តែងតែ​នឹក​រលឹក​ចូល​ចត​នៅ​កំពង់​ផែ​ព្រះសីហនុ​ជា​និច្ច។ ​

កាលពី​ឆ្នាំ ២០២៣ MS Westerdam ក៏​បានត្រលប់មកប្រទេសកម្ពុជា ជាលើកទីពីរហើយ ឆ្នាំ ២០២៥ មកម្ដងទៀត បើគិតទៅជា​លើកទី ៣។

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​១៨​នេះ ​ជា​លើក​ទី​២​ហើយ​សម្រាប់​នា​វា​មួយ​នេះ​ដែល​នាំ​យក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជិត ២ ពាន់​នាក់​មក​លេង​កម្ពុជា។ ភ្ញៀវ​ទេសចរ ១៨៥០ នាក់ ​ស្រី ៩៩២ នាក់ មាន ៤៣ សញ្ជាតិ ក្នុង​នោះ​មាន​នាវិក ៨០៤ នាក់ ស្រី ១៥៦ នាក់ ​ ក្នុង​នោះ​ភ្ញៀវ​ដែល​មាន​ច្រើន​ជាង​គេ​ គឺ​មកពី​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​កាណាដា។

នាវា​ទេសចរណ៍ WESTERDAM សញ្ជាតិ HOLLAND ដែល​មាន​ប្រវែង​បណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែង​ទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​កំពង់ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ នៅ​ព្រឹក​នេះ​ផ្ទាល់។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០២០ MS Westerdam ដែល​មាន​មនុស្ស ២២៥៧ នាក់​នៅ​លើ​នោះ បាន​ចំណាយ​ពេល​ជិត​ពីរ​សប្ដាហ៍​នៅ​សមុទ្រ​មិន​អាច​ចរចា​បាន​ជោគជ័យ​លើ​កំពង់ផែ​ដែល​ត្រូវ​ចូល​ចត ដោយ​ប្រទេស​ជាច្រើន​បាន​បដិសេធ ដោយ​មានតែ​កម្ពុជា​មួយ​គត់ ដែល​ទទួល​កាប៉ាល់​យក្ស​មួយ​នេះ​ឲ្យ​ចុះចត៕

អត្ថបទ៖ ឆដា, រូបភាព៖ កំពង់ផែ​ស្វយ័ត