នៅព្រឹកនេះ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ១៦ រូប បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ១៧ ខែវិច្ឆិកា ដល់ថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសនៃទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ស្ដីពីឧបករណ៍ និងបច្ចេកវិទ្យាអគ្គិសនី (The 32nd Electric Power Equipment & Technology Expo) និងចូលរួមកិច្ចប្រជុំ និងវេទិកាចែករំលែកពាក់ព័ន្ធនឹងវិស័យអគ្គិសនី និងថាមពល។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិនានា ព្រមទាំងទៅទស្សនកិច្ចរោងចក្រ ដែលមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗនៅក្នុងវិស័យថាមពល និងឧស្សាហកម្មប្រទេសចិន។

គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្តរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕


អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា


