អ្នកឧកញ៉ា គិត ម៉េង សរសើរភាពជាដៃគូរវាងគយ និងឯកជន សម្រេចបានការកែលម្អសំខាន់ៗក្នុងសេវាកម្មគយ

អ្នកឧកញ៉ា គិត ម៉េង កោត​សរសើរ​ភាព​ជា​ដៃ​គូ​រវាង​គយ និង​ឯកជន ដែល​សម្រេច​បាន​នូវ​ការ​កែលំអ​សំខាន់​ៗ​ក្នុង​សេវាកម្ម​គយ និង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាព​ងាយ​ស្រួល។

តាមដានជាមួយយើង៖ Million Times

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​គណ:កម្មការ​សម្របសម្រួល​ក្រុម​ការងារ​ផ្នែក​ឯកជន សម្រាប់​យន្តការ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា អ្នកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​នៃ​ភាព​ជា​ដៃគូ​រវាង​គយ និង​ឯកជន ដែល​សម្រេច​បាន​ការ​កែ​លម្អ​សំខាន់​ៗ​ក្នុង​សេវាកម្ម​គយ និង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​កាន់តែ​ងាយ​ស្រួល សម្រាប់​វិនិយោគិន។

អ្នកឧកញ៉ា គិត ម៉េង ថ្លែង​​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឯកឧត្ដម គុណ ញឹម ក្នុង​វេទិកា​ស្តី​ពី «វេទិកា​គយ​កម្ពុជា​លើកទី៣» នៅ​ថ្ងៃ​១៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅ​សាលា​ជាតិ​គយ។

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែប្រែ​ទាំង​នេះ បាន​បន្ធូរបន្ថយ​យ៉ាង​ខ្លាំង​ចំពោះ​ថ្លៃ​ដើម និង​ពេលវេលា សម្រាប់​អាជីវកម្ម និង​វិនិយោគិន ក្នុង​ការ​ដាក់​ជូន​ប្រកាស​អាករ និង​ឯកសារ​ពាក់ព័ន្ធ​តាម​អ៊ីនធឺណិត ដោយ​មិន​ចាំបាច់​ទៅ​កាន់​ការិយាល័យ​ដោយ​ខ្លួនឯង​ទេ ដែល​ធ្វើឲ្យ​ទំនាក់ទំនង ការ​ដាក់​ជូន​ឯកសារ និង​ការ​គោរព​បទប្បញ្ញត្តិ​មាន​ភាព​ងាយស្រួល ហើយ​រួមចំណែក​ដល់​សមត្ថភាព​ប្រកួតប្រជែង និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

អ្នកឧកញ៉ា​ជឿជាក់​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រម​ទាំង​វិនិយោគិន គឺ​ជា​តំណ​ភ្ជាប់​ខ្វះ​គ្នា​មិន​បាន សម្រាប់​បង្កើត​បរិស្ថាន​ពាណិជ្ជកម្ម​មួយ​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ការ​កែ​លម្អ​បរិយាកាស ធុរកិច្ច និង​វិនិយោគ។

អ្នកឧកញ៉ា បាន​បន្ត​ទៀត​ថា វិស័យ​ឯក​ជន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ ការ​ខិតខំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ការ​សម្របសម្រួល​ប្រតិបត្តិការ​ក្នុង​ទម្រង់​ប្រព័ន្ធ​ឌីជីថល មាន​លក្ខណៈ​ពិសេស និង​ការ​បញ្ចូល​គ្នា​នៃ​ទិន្នន័យ​ផ្សេង​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា