កាលពីថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅអភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា បានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការសង់ផ្ទះជូនដល់គ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន ក្រោមគម្រោង “ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី” រវាងរដ្ឋបាលខេត្តឧត្ដរមានជ័យ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។

ដោយបានមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ព្រំដែនរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដើម្បីរក្សា សុវត្ថិភាព។ ក្នុងនោះក៏មានលំនៅឋានមួយចំនួនទៀតត្រូវបានបំផ្លិចបំផ្លាញ និងរងការខូចខាតស្ទើរតែទាំងស្រុង។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានវត្តមាននៅរកស៊ីនៅក្នុងប្រទេសកម្ពុជាជាង ៣០ ឆ្នាំ នឹងរដ្ឋបាលខេត្តឧត្ដរមានជ័យ បានសម្ដែងនូវស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ ក្នុងការចូលរួមចំណែកជួយដល់គ្រួសារដែលរងផលប៉ះពាល់ ដោយផ្ដល់ជូនផ្ទះថ្មីក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ដោយមានការធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ស្ដារឡើងវិញនូវសុវត្ថិភាព ភាពកក់ក្ដៅ និងក្ដីសង្ឃឹមថ្មី ជូនដល់ប្រជាពលរដ្ឋ។

ហ៊ិននីគែន ខេមបូឌា បានឲ្យដឹងថា បន្ថែមពីលើការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់អំណោយ ជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយបំពេញតម្រូវការជាបន្ទាន់របស់ជនភៀសសឹកប្រមាណ ៣០០ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថាកន្លងមកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តល់ផ្ទះ ១១ ខ្នងទៅកាន់គ្រួសារដែលរងផលប៉ះពាល់រួចមកហើយ ឥឡូវនេះក្រុមហ៊ុននឹងបន្តសាងសង់ផ្ទះបន្ថែម ៣០ ខ្នងទៀត ដើម្បីជួយដល់គ្រួសារជាច្រើនទៀត៕




អត្ថបទ៖ ឆដា, រូបភាព៖ Mean Chanyada និង HEINEKEN Cambodia


